គណបក្សចលនាឆ្ពោះទៅមុខថៃ ពិភាក្សាជាមួយគណបក្សប្រាំផ្សេងទៀតក្នុងបំណងបង្កើតរដ្ឋាភិបាលចម្រុះ
ថៃ៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) របស់ថៃ កាលពីថ្ងៃពុធបានធ្វើការពិភាក្សាទល់មុខគ្នាជាលើកដំបូងជាមួយគណបក្សចំនួនប្រាំផ្សេងទៀត ក្នុងការប៉ុនប៉ងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ៣ថ្ងៃបន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យកន្លងទៅ។
តំណាងគណបក្សទាំងប្រាំមួយ ដែលរួមមានទាំងមេដឹកនាំគណបក្ស MFP លោក ភីតា លីមចារើនរ៉ាត អ្នកតំណាងគណបក្សភឿថៃ គណបក្សប្រាឆាឆាត (Prachachat) គណបក្សថៃសាងថៃ (Thai Sang Thai Party) គណបក្ស Seri Ruam Thai និងគណបក្សយុត្តិធម៌ បានពិភាក្សាគ្នាជាច្រើនម៉ោងក្នុងកិច្ចប្រជុំបិទទ្វារដែលធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងបាងកង។
ក្រោយកិច្ចប្រជុំបិទទ្វារដដែលនេះ អ្នកតំណាងទាំងអស់បានថតរូបជុំគ្នាទាំងមានទឹកមុខញញឹមញញែម ហើយកាន់ដៃគ្នា ដែលជាសញ្ញានៃការរួបរួម។ លោក ភីតា បាននិយាយក្រោយកិច្ចប្រជុំថា អ្វីៗប្រព្រឹត្តទៅដោយរលូន ហើយព័ត៌មានលម្អិតនឹងត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា គណបក្ស MFP បាននាំមុខគេក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យក្នុងសំឡេងគាំទ្រ ១៥២ អាសនៈ ហើយគណបក្សភឿថៃឈរនៅលេងរៀងបន្ទាប់ ដោយទទួលបានការគាំទ្រ ១៤១។ ប្រសិនបើគណបក្សទាំងពីរនេះ និងបួនទៀត ដែលចូលរួមកការប្រជុំកាលពីថ្ងៃពុធ រួមសម្ព័ន្ធគ្នា នោះពួកគេនឹងបានសំឡេងគាំទ្រជាង ៣០០ ក្នុងសភាជាន់ទាប។
យ៉ាងណាមិញតាមរដ្ឋធម្មនុញ្ញថៃឆ្នាំ២០១៧ ដើម្បីបង្កើតរដ្ឋាភិបាលឬឈ្នះតំណែងនាយករដ្ឋមន្រ្តីសម្រាប់លោក ភីតា ពួកគេត្រូវការការគាំទ្រយ៉ាងតិច ៣៧៦ សំឡេង ទាំងពីសមាជិកសភាជាប់ឆ្នោត និងសមាជិកព្រឹទ្ធសភា២៥០នាក់ ខណៈសមាជិកព្រឹទ្ធសភាទាំងអស់សុទ្ធតែជាមនុស្សដែលក្រុមយោធាចាត់តាំង។
មកទល់ពេលនេះ មានសមាជិកព្រឹទ្ធសភាមួយចំនួនហើយ បានសម្តែងការប្រឆាំងជាមួយនឹងលោក ភីតា ទាំងបង្ហាញការខឹងសម្បារចំពោះជំហរប្រឆាំងរបស់លោក ដែលរួមមានទាំងផែនការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងតែងរបស់ប្រទេស។
សមាជិកព្រឹទ្ធសភា លោក ចាដេត អ៊ីងស្វាង(Jadet Inswang) បាននិយាយថា លោកនឹងមិនទទួលយក លោក ភីតា ជានាយករដ្ឋមន្ត្រីទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីកំណែទម្រង់ច្បាប់ប្រមាថស្ដេចខណៈសមាជិកព្រឹត្ធសភាម្នាក់ទៀតលោកគីតទីសាក់រ៉ាតាណាវ៉ារ៉ាហា(Kittisak Ratanawaraha) ក៏ប្រកាន់ជំហរដូចគ្នា ដោយនិយាយថា៖ «បេក្ខជននាយករដ្ឋមន្ត្រី ត្រូវតែស្រឡាញ់ជាតិ រាជាធិបតេយ្យ»។
គួរបញ្ជាក់ថា មិនមែនតែសមាជិកព្រឹទ្ធសភាអភិរក្សនិយមទេ ដែលប្រឆាំងនឹងជំហររបស់លោក ភីតា ដែលជាអ្នកនយោបាយកំណែទម្រង់។ កាលពីថ្ងៃអង្គារ មេដឹកនាំជាន់ខ្ពស់របស់គណបក្សភឿថៃ បានអំពាវនាវឱ្យគណបក្សអភិរក្សពីរ រួមមានគណបក្ស Bhumjaithai និងគណបក្សប្រជាធិបតេយ្យ ដើម្បីចូលរួមជាសម្ព័ន្ធភាពគ្នា ជាមួយគណបក្សប្រឆាំងផ្សេងទៀត។
ប៉ុន្តែគណបក្ស Bhumjaithai ដែលទទួលបានសំឡេងគាំទ្រ ៧០ អាសនៈក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «បើគណបក្សណាដែលចង់ផ្លាស់ប្តូរ ឬលុចចោលមាត្រា ១១២ (សំដៅលើច្បាប់អំពីការប្រមាថស្ដេចក្នុងក្រមព្រហ្មទណ្ឌថៃ) អាចបង្កើតរដ្ឋាភិបាលបាន នោះគណបក្ស Bhumjaithai នឹងត្រៀមខ្លួនជាអ្នកប្រឆាំងដើម្បីផលប្រយោជន៍ប្រជាជន និងការពាររាជានិយម»។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃថ្មីនឹងត្រូវបានបង្កើតឡើងនៅខែកក្កដា ក្រោយពេលសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយសារតែការបោះឆ្នោតជាតិ មិនអាចឱ្យគណបក្សនាំមុខណាមួយទទួលបានអំណាចដោយស្វ័យប្រវត្តិនោះទេ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា