អាជ្ញាធរចិន ពិន័យក្រុមហ៊ុនកំប្លែងពីរលានដុល្លារ ចំពោះការយកកងទ័ពមកលេងសើច

ប៉េកាំង៖ អាជ្ញាធរចិនកាលពីថ្ងៃពុធទី ១៧ ខែឧសភា បានផាកពិន័យក្រុមហ៊ុនកំប្លែងមួយជាងពីរលានដុល្លារ ហើយបានគំរាមចាត់វិធានការផ្លូវច្បាប់បន្ថែមទៀត បន្ទាប់ពីអ្នកកំប្លែងរបស់ក្រុមហ៊ុនមួយ ឈ្មោះ Li Haoshi បាននិយាយលេងសើចចំអកអំពីកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងអំឡុងពេលសម្ដែង។

ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានស៊ើបអង្កេតក្រុមហ៊ុនរបស់លោកលី( Li) ឈ្មោះ Xiaoguo Culture Media ហើយបានរកឃើញថា កំប្លែងរបស់លោក លី បានបំពានច្បាប់ និងផលប៉ះពាល់ជាអវិជ្ជមានលើសង្គម។

ដូច្នេះក្រុមហ៊ុន Xiaoguo ត្រូវរងការពិន័យជាប្រាក់ចំនួន ១៤,៧ លានយន់ ឬស្មើនឹង ២,១៣ លានដុល្លារអាមេរិក ហើយការសម្ដែងទាំងអស់មិនថានៅទីក្រុងប៉េកាំង ឬក្រុងសៀងហៃ ត្រូវផ្អាករហូតទាល់តែមានការសម្រេចចិត្តពីអាជ្ញាធរ។

គួរបញ្ជាក់ថា នៅក្នុងការសម្ដែងនៅទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ លោក លី បាននិយាយអំពីសត្វឆ្កែរបស់លោកដេញតាមកំប្រុក នៅពេលលោកសំដៅទៅលើពាក្យស្លោក «រចនាបថការងារល្អ មានសមត្ថភាពឈ្នះក្នុងការប្រយុទ្ធ» របស់ PLA ។

លោកលី( Li) និងក្រុមហ៊ុន Xiaoguo បានសុំទោសរួចហើយសម្រាប់ការសម្តែងនេះ មុនការប្រកាសផាកពិន័យកាលពីថ្ងៃពុធ ដោយពណ៌នារឿងកំប្លែងរបស់លោក លី ថាជា «ការប្រៀបធៀបមិនសមរម្យ»។

ទោះជាយ៉ាងណាក៏ដោយ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង បាននិយាយថា រឿងកំប្លែងនេះបានបំពានបទប្បញ្ញត្តិ ដែលថាការសម្តែងមិនគួរធ្វើឱ្យប៉ះពាល់ដល់ស្មារតីជាតិ ឬធ្វើឱ្យខូចកិត្តិយស និងផលប្រយោជន៍ជាតិ។

ការិយាល័យបាននិយាយបន្ថែមថា PLA គឺជាអ្នកការពារសន្តិសុខជាតិ និងសន្តិភាពរបស់ប្រជាជនចិនដ៏រឹងមាំ ហើយ «យើងនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលណាមួយ ប្រមាថមើលងាយរូបភាពដ៏រុងរឿងរបស់ PLA (និង) ធ្វើឱ្យប៉ះពាល់ដល់ស្មារតីដ៏ជ្រាលជ្រៅរបស់ប្រជាជន ចំពោះកងទ័ពរបស់ពួកគេនោះទេ»។

គួរកត់សម្គាល់ថា សេរីភាពនៃការបញ្ចេញមតិចិនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។ អាជ្ញាធរបានរឹតបន្តឹងលើអ៊ីនធឺណិត និងបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការបញ្ចេញមតិតាមរយៈសិល្បៈជាដើម៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner