កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ នៃសមាគម AIMF មានសារៈសំខាន់ណាស់ ក្នុងការលើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត
ភ្នំពេញ៖ កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលកំពុងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ ក្នុងការលើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ការលើកកម្ពស់សោភណភាព និងអនាម័យទីក្រុង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងទីក្រុង ជាពិសេសដើម្បីបង្កើនដំណើរការយន្តការពង្រឹងឱ្យកាន់តែស៊ីជម្រៅ រវាងមិត្តភាពនិងសាមគ្គីភាព ។
នេះជាការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ក្នុងកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគម AIMF កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ ។
ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង រដ្ឋបាលរាជធានីភ្នំពេញបានដើរតួនាទីយ៉ាងសំខាន់ ហើយក៏មានការទទួលស្គាល់អំពីថ្នាក់ដឹកនាំរបស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ជាពិសេសលោកស្រី Anne HIDALGO អភិបាលរដ្ឋធានីប៉ារីស នៃសាធារណរដ្ឋបារាំង ។ នៅក្នុងឆ្នាំនេះ យើងបានឆ្លៀតឱកាសអញ្ជើញអភិបាលក្រុងខេត្តមួយចំនួនរបស់ប្រទេសវៀតណាម ឡាវ ដែលស្ថិតនៅក្នុងសមាជិករបស់បណ្ដាញ ជាមួយនឹងខេត្តដែលជាសមាជិកបណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនេះ ជួបជុំគ្នាដើម្បីពិភាក្សាក្រោមប្រធានបទ« មហិច្ឆតារួមគ្នាសម្រាប់ការអភិវឌ្ឍទីក្រុងយើង» ។
លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការនៃសមាគម AIMF បានលើកឡើងថា កិច្ចប្រជុំនេះចង់បង្ហាញថា គឺមានសារៈសំខាន់ទ្វេដង នៅពេលដែលជួបគ្នា គឺទី១ដើម្បីឆ្លើយតបតម្រូវការផ្សេងៗគឺថាទីក្រុងនៅក្នុងតំបន់នេះ ដែលយើងបានធ្វើការជាបណ្ដាញជាមួយអភិបាលក្រុងផ្សេងៗដែលប្រើប្រាស់ភាសាបារាំង ហើយនៅទីនេះគឺយើងធ្វើការជ្រើសរើសប្រធានបទដែលជួយការងារដល់សមាជិក ក្នុងការរៀបចំប្រព័ន្ធលូនិងទីធ្លាសាធារណៈ ដោយមានបញ្ហារួមគ្នា នៅក្នុងបណ្ដាញទីក្រុងដែលជាសមាជិក ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ



