ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នឹងបន្ត អនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ទៅតាមវិស័យអាទិភាពទាំង៤

ខេត្តកំពង់ចាម៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើថា សម្រាប់ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នឹងបន្ត អនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ទៅតាមវិស័យអាទិភាពទាំង៤ គឺ៖ ទី១- ការគ្រប់គ្រង គ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ទី២- ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ទី៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង ទី៤- គឺការអភិវឌ្ឍស្ថាប័ន។

ដើម្បីសម្រេចបានទិសដៅឆ្នាំ២០២៣នេះ ក្នុងនាមគណៈកិត្តិយសសាខា ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការអំពាវនាវ ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមហ៊ុន និងវិស័យឯកជន សូមបន្តចូលរួមជាកម្លាំង ជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីដោះស្រាយបញ្ហាប្រឈម ជួយសម្រាលទុក្ខលំបាកនានា របស់ជនងាយរងគ្រោះ និងបន្តពង្រឹងភាពធន់សហគមន៍ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក តាមសទ្ធាជ្រះថ្លា និងការស្ម័គ្រចិត្ត ដើម្បីបុព្វហេតុមនុស្សធម៌ ការពារបាននូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដូចពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា” ។

ការលើកឡើងបែបនេះ របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ធ្វើឡើងនៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោម ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការចូលរួមពិធីទទួល ថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ និងបានលើកឡើងថា នេះជាឆ្នាំលើកដំបូងហើយដែលយើងទាំងអស់គ្នាមានឱកាសបានមកជួបជុំ រៀបចំពិធី ទទួលថវិកាសប្បុរសធម៌ ដ៏មហោឡារិក បន្ទាប់ពីកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិនៃជំងឺ កូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា តាមរយៈរបាយការណ៍របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មូលនិធិដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន កាលពីឆ្នាំកន្លងទៅ សាខាបានប្រើប្រាស់ប្រកបដោយដោយតម្លាភាព និងពង្រឹងបាននូវភាពម្ចាស់ការក្នុងប្រតិបត្តិការផ្តល់សេវាកម្ម មនុស្សធម៌ ដោយបានចាត់ចែងឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះរបស់ប្រជា ពលរដ្ឋ រួមចំណែកធ្វើឱ្យវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបានលទ្ធផលយ៉ាងគាប់ ប្រសើរស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងទស្សនទាន “អ្វីៗដែលយើងបានធ្វើ គឺចេញពីបេះដូង”។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ សាខា អាណត្តិទី៥ ដែលជានិច្ចកាលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយភាពបុរេសកម្ម មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ រហូតសម្រេចបានលទ្ធផលធំធេងនាពេលនេះ៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner