ចំនួនអ្នកស្លាប់កើនដល់១៣នាក់ ក្នុងគ្រោះទឹកជំនន់វាយប្រហារប្រទេសអ៊ីតាលី
រូម៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានធូរស្រាលនៅតំបន់ Emilia-Romagna ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែតំបន់ភាគច្រើននៅតែជន់លិចដោយទឹកជំនន់។ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីបានកើនឡើងដល់១៣នាក់ ហើយមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន។
តំបន់ភាគខាងជើង និងភាគកណ្តាលរបស់ប្រទេសអ៊ីតាលី ដែលរួមមានទីក្រុងបូឡូញ៉ា និងម៉ូឌឺនណា ត្រូវបានវាយលុកដោយភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ ក្រុមអ្នកជួយសង្គ្រោះបានជួយជម្លៀសមនុស្សចេញពីលើដំបូល និងជាន់ខាងលើនៃអគារខ្ពស់ៗ។
ការជូនដំណឹងអំពីអាកាសធាតុអាក្រក់នៅតែមានឥទ្ធិពលលើភាគខាងជើង និងភាគកណ្តាលប្រទេសអ៊ីតាលី រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នាយកដ្ឋានការពារជនស៊ីវិលរបស់អ៊ីតាលី បាននិយាយនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ការរអិលបាក់ដីជាង២៨០កន្លែងត្រូវបានរាយការណ៍ ដោយផ្លូវចំនួន២០០ទីតាំងត្រូវបានបិទ ហើយទឹកទន្លេចំនួន២៣កន្លែងបានហូរហៀរច្រាំងទន្លេទាំងនោះ។
បើតាមរបាយការណ៍ ប្រជាជនជាង១០,០០០នាក់នៅក្នុងតំបន់ត្រូវបានបង្ខំឱ្យចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតគ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលអ្នកបច្ចេកទេសប្រហែល៧០០នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីជួយស្តារថាមពលឡើងវិញ។
រដ្ឋមន្ត្រីបរិស្ថាន និងសន្តិសុខថាមពលអ៊ីតាលី លោក ហ្គីលបឺតូ ភីចតូ ហ្វ្រេដធីន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា រដ្ឋាភិបាលអ៊ីតាលីនឹងស្នើឱ្យគណៈកម្មការអឺរ៉ុប ផ្តល់សិទ្ធិចូលប្រើមូលនិធិសាមគ្គីភាពសហភាពអឺរ៉ុប ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញនៅក្នុងតំបន់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា



