សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អនុញ្ញាតឱ្យប្រធាន ក្រុមប្រឹក្សា ភិបាល សមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរការអប់រំចូលជួបសម្ដែង ការគួរសម
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាត ឱ្យ លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគម កម្ពុជា ចិន ដើម្បីផ្លាស់ប្តូរការអប់រំ CCEEA ដឹកនាំគណ:ប្រតិភូចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោក កាវ ជាន បានថ្លែងកោតសសើរចំពោះការអភិវឌ្ឍ ឆាប់រហ័សរបស់ព្រះជាណាចក្រកម្ពជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងពាំនាំនូវការសាកសួរសុខទុកពីសំណាក់បក្ស និងរដ្ឋាភិបាលចិន ជូន ចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសេចក្តីនឹករលឹក។

លោក កាវ ជាន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកល វិទ្យា ល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅព្រះរាជាណា ចក្រ កម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិន ។ សាកលវិទ្យាល័យ នេះ នឹងផ្តល់ឱកាសប្រទេសទាំងពីរបានស្វែងយល់ កាន់តែច្បាស់លើវិស័យ សិក្សា ធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សា ស្រាវជ្រាវបានថែមមួយកម្រិតទៀត ។

ជាការឆ្លើយតបសម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ចំណងមិត្តភាព កម្ពុជា-ចិន គឺជាមិត្តដែកថែប ប្រទេសទាំងពីរបានចូល រួម ចំណែកយ៉ាង សំខាន់ក្នុងការពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរ កម្ពុជា-ចិន រួមទាំងគំនិតផ្តួចផ្តើម លើគោលការណ៍ ផ្លូវនិង ខ្សែក្រវាត់ របស់លោកប្រធានាធិបតី ស៊ី ជីនភីង ឱ្យទទួលបានជោគជ័យ ឡើងដល់ចំណុចកំពូលថ្មីៗជានិច្ច។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ចំពោះគម្រោង បង្កើតសកល វិទ្យាល័យ បច្ចេកទេស គឺសម្តេចមានការគាំទ្រយ៉ាងពេញទំហំ ចំពោះ គំនិត ផ្តួចផ្តើមនេះ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជម្រាបជូន លោក កាវ ជាន ត្រូវធ្វើសំណើរទៅកាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោង នេះឱ្យ បានស៊ី ជម្រៅបន្ថែមទៀត ៕
ដោយ៖ ថេត វិចិត្រ+ហេង សម្បត្តិ
