ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមរាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងជាតិតែមួយ និយាយរួមគឺខ្មែរតែមួយ។ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺស្មើនឹងការសម្រេចបាននូវអនាគត និងជោគវាសនាដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។ ទាំងអស់នេះ គឺអាស្រ័យដោយមូលហេតុពីរយ៉ាង៖ ទី១)ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានជំនឿ និងទំនុកចិត្តលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំទៅដល់ការរួមគ្នាបញ្ចប់សង្គ្រាម បញ្ចប់គំនុំ និងបញ្ចប់ការបែកបាក់ ហើយអាចរស់នៅជាមួយគ្នាក្នុងនាមជាខ្មែរតែមួយ, ទី២)ប្រជាជនច្រើនលើសលប់ គឺបានបន្តមានទំនុកចិត្ត និងលំនឹងផ្លូវចិត្ត ក្នុងសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនាអនាគតរបស់ខ្លួននៅក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាជាប់រហូតមក។

ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា មានយន្តការក្រុមការងារចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមកច្រើនបន្ថែមនៅតាមមូលដ្ឋាន គឺដើម្បីរួមកម្លាំងសរុបសម្រាប់ពិនិត្យដោះស្រាយបញ្ហាប្រឈមនានា និងជួយប្រជាពលរដ្ឋតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាធានាដល់តម្រូវការ និងផលប្រយោជន៍របស់ប្រជាជនពិតជាក់ស្តែងនៅមូលដ្ឋាន ពីព្រោះគោលដៅ និងទិសដៅដ៏ជាក់លាក់មួយរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាមានបាន។ ដូច្នេះ បេសកកម្មដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺការបន្តរក្សាលំនឹងចិត្តរបស់ប្រជាជន បម្រើប្រជាជន និងផ្តល់ជំនឿចិត្តដល់ប្រជាជនចំពោះឆន្ទៈឥតងាករេរបស់គណបក្ស ក្នុងការបន្តកសាងសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិ និងប្រជាជន។

ជាមួយគ្នានេះ កត្តាដែលធ្វើឱ្យមានការអភិវឌ្ឍ និងការសម្រេចបានសមិទ្ធផលជាច្រើនដូចដែលយើងកំពុងអបអរទទួលបាននេះ គឺអាស្រ័យដោយកត្តាចម្បង២យ៉ាងគឺ៖ ទី១)កម្រិតជីវភាពរបស់ប្រជាជនមានការរីកចម្រើន ដែលនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺបាតដៃទទេដូចៗគ្នា ប៉ុន្តែពេលនេះទទួលបានជីវភាពល្អប្រសើរ និងអាចប្រកបរបររកទទួលទាន និងបំពេញការងារផ្សេងៗ រហូតមានលទ្ធភាព ចែករំលែកផលនៅក្នុងសង្គម ដូចដែលស្តែងឡើងតាមរយៈការឯកភាពគ្នាកសាងសមិទ្ធផលដូចថ្ងៃនេះ, ទី២)ការបង្កលក្ខណៈយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចចិត្ត និងការជ្រើសរើសជំនាញ អាជីព និងមុខរបរ រួមទាំងការបម្រើសេវាមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាជន គឺសេវាសុខាភិបាល អប់រំ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងស្ថិរភាពនៃការរស់នៅក្នុងសង្គមប្រកបដោយលំនឹងផ្លូវចិត្ត និងក្តីសង្ឃឹម៕
ដោយ៖ពលជ័យ/រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner