ចិនកោះហៅឯកអគ្គរដ្ឋទូតជប៉ុន ជុំវិញសកម្មភាព និងសេចក្ដីថ្លែងការណ៍វាយប្រហារក្រុងប៉េកាំងរបស់ប្លុកG7

ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិន ដើម្បីតវ៉ាប្រឆាំងនឹងការចេញសេចក្ដីថ្លែងការណ៍នឹង «បំភាន់ជុំវិញបញ្ហាទាក់ទងនឹងចិន» របស់ក្រុមមេដឹកនាំប្រទេសអ្នកមានទាំង៧ (G7) ក្នុងកិច្ចប្រជុំកំពូលដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សេចក្ដីប្រកាសរបស់ក្រសួងកាលពីល្ងាចថ្ងៃអាទិត្យ។

ការកោះហៅនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីចិន បានសម្ដែងការមិនពេញចិត្តខ្លាំង លើអ្វីដែលក្រុងប៉េកាំងចាត់ទុកថាជាការដាក់គោលដៅលើចិន ពីសំណាក់ប្រទេស G7 ដែលរួមមានជប៉ុន អាមេរិក កាណាដា អ៊ីតាលី អាល្លឺម៉ង់ បារាំង និងអង់គ្លេស ជុំវិញបញ្ហាផ្សេងៗរាប់តាំងពីសមុទ្រចិនខាងត្បូង តៃវ៉ាន់ និងសិទ្ធិមនុស្សនៅតំបន់ទីបេ និងស៊ីនជាំងជាដើម។

G7 បានលើកឡើងពីបញ្ហាទាំងអស់នេះ នៅក្នុងសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃសៅរ៍ ខណៈពេលក្រុមមេដឹកនាំរបស់ប្លុក ជួបប្រជុំគ្នានៅប្រជុំកំពូលរយៈពេល៣ថ្ងៃ ដែលធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុន និងបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។

លោក Sun បានថ្លែងថា ជប៉ុនបានសហការជាមួយប្រទេសផ្សេងទៀតនៅក្នុងកិច្ចប្រជុំកំពូល G7 ទាំងក្នុងសកម្មភាព និងសេចក្តីថ្លែងការណ៍រួម «ដើម្បីលាបពណ៌ និងវាយប្រហារប្រទេសចិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ រំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងស្មារតីនៃឯកសារនយោបាយទាំង៤រវាង ចិន និងជប៉ុន (សំដៅលើសេចក្តីថ្លែងការណ៍រួមចិន-ជប៉ុនឆ្នាំ ១៩៧២)»។

លោក Sun បានបន្តថា សកម្មភាពរបស់ជប៉ុនធ្វើឱ្យខូចដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ហើយថាប្រទេសចិន «មិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាត» ចំពោះការណ៍នេះ។ លោក Sun បន្ថែមទៀតថា៖ «ជប៉ុនគួរតែកែតម្រូវការយល់ដឹងរបស់ខ្លួនអំពីប្រទេសចិន ចាប់យកស្វ័យភាពជាយុទ្ធសាស្រ្ត ប្រកាន់ខ្ជាប់នូវគោលការណ៍នៃឯកសារនយោបាយទាំង៤រវាងចិន និងជប៉ុន ហើយពិតជាជំរុញឱ្យមានការអភិវឌ្ឍស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ជាមួយនឹងអាកប្បកិរិយាប្រកបដោយការស្ថាបនា»។

ប្រតិកម្មទៅនឹងការលើកឡើងរបស់ភាគីចិន ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិន លោក Hideo Tarumi បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅព្រឹកថ្ងៃចន្ទថា វាគឺជារឿងធម្មតាសម្រាប់សម្រាប់ G7 ចំពោះការលើកឡើងពីកង្វល់រួម ដូចដែលប្លុកបានធ្វើនាពេលកន្លងមក ហើយនឹងបន្តធ្វើដូច្នេះនៅពេលអនាគត ទាល់តែចិនផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន។

លោក Tarumi បានប្រាប់ទៅលោក Sun ថា ប្រទេសចិនគួរតែចាត់វិធានការវិជ្ជមាន ដើម្បីដោះស្រាយបញ្ហានៃក្តីបារម្ភទាំងនោះ ប្រសិនបើចិនទាមទារមិនឱ្យប្លុក G7 លើកមកនិយាយទេ។

ចំណែកឯប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទផងដែរថា គោលនយោបាយរបស់ជប៉ុនចំពោះចិននៅតែដដែល ដោយវាគ្មានការប្រែប្រួលលើបញ្ហាដែលត្រូវការអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវនោះទេ ខណៈវាក៏ចាត់វិធានការដើម្បីដោះស្រាយកង្វល់ និងកិច្ចសហប្រតិបត្តិការលើបញ្ហារួម។

គួរបញ្ជាក់ថា ជុំវិញសេចក្ដីថ្លែងការណ៍រួមរបស់ G7 ពីក្នុងកិច្ចប្រជុំកំពូល៣ថ្ងៃ (១៩-២១ ឧសភា) ដែលធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុន ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស ឯណោះវិញ ក៏បានស្នើឱ្យទីក្រុងឡុងដ៍ បញ្ឈប់ «ការមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះ» របស់ចិន ដើម្បីជៀសវាងការខូចខាតបន្ថែមទៀតដល់ទំនាក់ទំនងចិន-អង់គ្លេស ផងដែរ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner