ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ៖ កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលមានចំការកៅស៊ូល្អ
ខេត្តក្រចេះ ៖ ក្នុងពិធីប្រារព្ធខួបគម្រប់១៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុនវិនិយោគដាំដុះដំណាំកៅស៊ូ នៅកម្ពុជា របស់ ក្រុមហ៊ុន ដុង ណាយ ក្រចេះអភិវឌ្ឍន៍កៅស៊ូ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅស្រុកស្នួល ខេត្តក្រចេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលមានចំការកៅស៊ូល្អ មានទិន្នផលខ្ពស់ និងផលិតផលកៅស៊ូប្រកបដោយគុណភាពខ្ពស់ នៅក្នុងតំបន់អាស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលកម្ពុជាបានរៀបចំដាក់ឱ្យដំណើរការស្តារ និងធ្វើអាជីវកម្មចំការកៅស៊ូទ្បើងវិញរហូតមកដល់បច្ចុប្បន្ននេះ ដោយដំណាំកៅស៊ូត្រូវបានប្រសិទ្ធនាមថា “មាស ស” និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់បន្ទាប់ពីផលិតកម្មស្រូវ។

លោក លី វ៉ាន់ឡាំ នាយកក្រុមហ៊ុន ដុង ណាយ ក្រចេះអភិវឌ្ឍន៍កៅស៊ូ បានឲ្យដឹងថា ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ក្នុងទុនវិនិយោគប្រមាណជាង៥០លានដុល្លាអាមេរិក ដោយដាំកៅស៊ូលើផ្ទៃដីសរុប ៦៣៩៨ ហិចតា និងបានដាក់ឲ្យដំណើរការជៀរជ័រនៅឆ្នាំ២០១៦។ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ ដោយកាលពីឆ្នាំ២០២២, ក្រុមហ៊ុនរកចំណូលបាន ១១,៦០លានដុល្លាអាមេរិក ហើយប្រាក់ចំណេញបានឈានដល់ជាង៨០ម៉ឺនដុល្លា និងបង្កើតការងារសម្រាប់កម្មករ និយោជិត ជាង ៩៩០ នាក់ទាំងក្នុង និងក្រៅខេត្តក្រចេះ ដែលមានប្រាក់ខែជាមធ្យម ៣៤០ដុល្លាក្នុងម្នាក់ៗ ។

លោក ទុយ ប៊ុនសេរីរដ្ឋមុន្នី អភិបាលរង និងជាតំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ខេត្តក្រចេះ មានផ្ទៃដីសរុប ១៤,០៩៥គីឡូម៉ែត្រក្រឡា ចែកជា៧ស្រុក ក្រុង។ ការដាំដុះដំណាំកៅស៊ូសរុបមានចំនួន ៨៦.៣៧៤ហិចតា ក្នុងនោះដំណាំកៅស៊ូជាលក្ខណៈគ្រួសារ ២៧.៥២៣ ហិចតា។ ក្រុមហ៊ុនកៅស៊ូវៀតណាម ១៦ក្រុមហ៊ុន បានវិនិយោគដាំកៅស៊ូបានសរុបចំនួន ៣២.២៧២ ហិចតា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានកោតសរសើរដល់ការខិតខំរបស់ក្រុមហ៊ុន ដុង ណាយ ក្រចេះអភិវឌ្ឍន៍កៅស៊ូ និងបណ្តាក្រុមហ៊ុនវៀតណាមទាំងអស់ដែលបានមកវិនិយោគលើវិស័យដំណាំកៅស៊ូនៅកម្ពុជាតាំងពីឆ្នាំ២០០៨មក ហើយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕ ប្រភព ៖ ទីស្តីការគណៈរដ្ឋមន្ត្រី

