កីឡាករ អត្តពលកម្ម ឈុន ប៊ុនថន ៖ កក្តា៣យ៉ាងជំរុញទឹកចិត្តឲ្យខ្លួនអាចដណ្តើមមេដាយមាសជូនជាតិបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២

ភ្នំពេញ ៖ ក្នុងជំនួបជាមួយឯកឧត្តម ជា កុក ហេង ប្រធានលេខាធិការរដ្ឋាននៃមូនិធិអភិវឌ្ឍន៍សហគ្រិនភាព កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ កីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានផ្តល់បទសម្ភាសន៍ថា មេដាយដែលខ្លួនដណ្តើមបានជូនជាតិលើវិញ្ញសារត់ចម្ងាយ៨០០ម៉ែត្រនេះ ផ្តើមចេញពីកក្តាចំនួន៣ គឺទី១ ការខិតខំហ្វឹកហាត់តស៊ូអំណត់អត់ធនជំនះរាល់ការលំបាក ទី២ ការផ្តល់ឱកាសពីរាជរដ្ឋាភិបាល គឺការបញ្ជូនឲ្យរូបគេបានទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសចិន និងទី៣ ការពន្យល់ណែនាំបន្ថែមពីគ្រូបង្វឹកអំឡុងពេលហ្វឹកហាត់ និង ពេលធ្វើការប្រកួត។

ឈុន ប៊ុនថន បន្តថា កក្តាទាំង៣នេះហើយ បានជំរុញលើកទឹកឲ្យខ្លួនឈានទៅដណ្តើមមេដាយមាសជូនជាតិបានក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយមេដាយមាសមួយនេះ ជាការបំបែកកំណត់ត្រាសម្រាប់កីឡាអត្តពលកម្មក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈដែលការចូលរួមស៊ីហ្គេមកន្លងៗមកប្រភេទកីឡាមួយនេះដណ្តើមបានត្រឹមមេដាយប្រាក់និងសំរិទ្ធជូនជាតិប៉ុណ្ណោះ។

លោក ពៅ ស៊ីថា គ្រូបង្វឹក កីឡាអត្តពលកម្ម បានលើកឡើងដែរថា ជោគជ័យដែល កីឡាករ ឈុន ប៊ុនថនធ្វើបានសម្រេចជូនជាតិនាពេលនេះ គឺបានកែប្រែមុខមាត់កីឡាអត្តពលកម្មទៅលើឆាកជាតិនិងអ្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះ បានផ្តើមចេញពីឆន្ទៈខិតខំប្រឹងប្រែងតស៊ូហ្វឹកហាត់ទោះបីក្នុងកាលៈទេសៈជួបវិបត្តិជំងឺកូវិដ១៩យ៉ាងណាក្តី ក៏ឈុន ប៊ុនថន នៅតែបន្តការហ្វឹកហាត់ជាមួយគ្រូបង្វឹកតាមរយៈប្រព័ន្ធហ្សូម ដោយទទួលបានការណែនាំយុទ្ធសាស្រ្តមួយចំនួនពីលោកដែលជាគ្រូបង្វឹកផងដែរ។

គ្រូបង្វឹករូបេះ អះអាងទៀតថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ឈុន ប៊ុនថន ទទួលបានការយកចិត្តទុកដាក់ខ្លាំងណាស់ពីរូបលោកជាគ្រូបង្វឹក ដោយលោក តែងតែពន្យល់ប្រាប់នូវយុទ្ធសាស្រ្ត ដើម្បីជំរុញលើកទឹកចិត្តឲ្យ ប៊ុនថន ប្រកួតដោយមានជំនឿជឿជាក់លើខ្លួនឯង ដើម្បីទទួលបានលទ្ធផលល្អមកជូនជាតិនិងសហព័្ធ នៅទីបំផុត ឈុន ប៊ុនថនពិតជាធ្វើបាននាំមកនូវមោទកភាពជូនជាតិ។

ឯកឧត្តម ឯកឧត្តម ជា កុក ហេង ដែលជាអតីតកីឡាករមួយរូបដែលធ្លាប់ហ្វឹកហាត់លើប្រភេទកីឡាទ្រីយ៉ាត្លុង ដែលមានវិញ្ញសារត់និងជិះកង់ បានកោតសសើរយ៉ាងខ្លាំង ចំពោះការដណ្តើមបានមេដាយមាសពីកីឡាករ ឈុន ប៊ុន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ ។ ឯកឧត្តមថា វាពិតជាអស្ចារ្យនិងអច្ឆៈរិយៈខ្លាំងណាស់ ដែលមានកីឡាករកម្ពុជាអាចដណ្តើមបានមេដាយមាសលើប្រភេទកីឡាមួយនេះ ។ ឯកឧត្តម ក្នុងនាមជាអ្នកកីឡាក្រៅអាជីពមួយរូប ដែលចូលចិត្តកីឡាមួយនេះ សូមលើកទឹកឲ្យ ឈុន ប៊ុនថន បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមបានមេដាយមាសសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅព្រះរាជាណាចក្រថៃឆ្នាំ២០២៥ជូនកម្ពុជា និងបន្តឈានទៅប្រជែងដណ្តើមមេដាយកំម្រិតអាស៊ីជូនជាតិឲ្យបាន។

គួររំលឹកថា មេដាយមាសកីឡាករ អត្តពលកម្ម ឈុន ប៊ុនថនដណ្តើមបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ប្រជែងឈ្នះកីឡាករ ខ្លាំងៗមកពីបណ្ដាប្រទេស ចំនួន៧រូប ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើចម្ងាយផ្លូវ៨០០ម៉ែត្រ ដោយបានមកដល់ទីមុនគេ ក្នុងថេរៈវេលា ១នាទី ៥២វិនាទី ចុច៩១ ខណៈដែលកីឡាករ វៀតណាម ឌុក ហ្វូក មកដល់ទីបន្ទាប់ ប្រើថេរៈវេលា ១នាទី ៥៣វិនាទី ចុច៣៤ និង តំណែង លេខ៣បានទៅកីឡាករ វ៉ាន មហាម៉េត មកពី ម៉ាឡេស៊ី ដោយប្រើរយៈពេល ១នាទី ៥៣វិនាទីចុច ៩៦ ៕

អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner