បន្ទាប់​ពី​មិន​ទទួល​បាន​សំឡេងគាំទ្រភាគច្រើន​ដាច់​ខាត នាយក​រដ្ឋមន្ត្រី​ក្រិក​នឹង​មានរយៈពេល ៣ ថ្ងៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ

ក្រិក៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីក្រិក លោក គីរៀកូស មិតសូតាគីស (Kyriakos Mitsotakis) នឹងត្រូ​វទទួលភារៈរៀបចំបង្កើតរដ្ឋាភិបាលចម្រុះក្នុងអាណត្តិថ្មី ដោយហេតុថាក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ គណបក្សរបស់លោកបានបរាជ័យក្នុងការទទួលបានជ័យជម្នះដោយសំឡេងភាគច្រើនដាច់ខាត។ ​

គួរបញ្ជាក់ផងដែរថា គណបក្សប្រជាធិបតេយ្យថ្មី (New Democracy Party) របស់លោក មិតសូតាគីស ទទួលបានសំឡេងគាំទ្រចំនួន ៤០,៨ ភាគរយធៀបទៅនឹង ២០ ភាគរយសម្រាប់គណបក្សប្រឆាំងឆ្វេងនិយមឈ្មោះថា គណបក្សស៊ីរីហ្សា (Syriza)។​

បើទោះបីមិនអាចបង្កើតរដ្ឋាភិបាលឯកបក្សបានក៏ដោយ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតលើកនេះក៏អាចចាត់ទុកថាជាជោគជ័យមួយសម្រាប់ លោក​ មិតសូតាគីស ព្រោះកន្លងមក រដ្ឋបាលរបស់លោកត្រូវបានវាយប្រហារពីមតិសាធារណៈជុំវិញរឿងអាស្រូវជាច្រើន ក៏ដូចជាការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ១៩ វិបត្តិតម្លៃទំនិញនៅទីផ្សារឡើងថ្លៃ និងព្រឹត្តិការណ៍រថភ្លើងធ្លាក់ផ្លូវដ៏គួរឱ្យរន្ធត់កាលពីខែកុម្ភៈកន្លងទៅ ដែលហេតុការណ៍នេះផងដែរ បានធ្វើឱ្យសាធារណៈជនមានការខឹងសម្បារយ៉ាងខ្លាំង។​

នៅក្រោមប្រព័ន្ធបោះឆ្នោតថ្មីរបស់ប្រទេសក្រិក លោក មិតសូតាគីស បានបរាជ័យក្នុងការយកឈ្នះទាំងស្រុង ដោយលោកទទួលបានតែ ១៤៦ អាសនៈនៅក្នុងសភាដែលមានសមាជិកសរុបចំនួន ៣០០ អាសនៈ ពោលគឺលោកត្រូវរកឱ្យបាន ១៥១ អាសនៈឡើងទៅ ទើបអាចគ្រប់គ្រងប្រទេសតាមរយៈការបង្កើតរដ្ឋាភិបាលដោយឯកបក្សបាន។​

ប្រធានាធិបតីក្រិក លោកស្រី កាតេរីណា សាកេឡារ៉ូពូលូ (Katerina Sakellaropoulou) ដែលជាប្រមុខរដ្ឋ ត្រូវបានគេរំពឹងថានឹងអញ្ជើញលោក មិតសូតាគីស ដើម្បីប្រជុំពិភាក្សា ហើយលោកស្រីនឹងទុករយៈពេលបីថ្ងៃឱ្យលោក ដើម្បីដឹកនាំការចរចាជាមួយគណបក្សផ្សេងទៀត ដើម្បីចងជាសម្ព័ន្ធភាព និងទទួលបានអាសនៈបន្ថែមឱ្យគ្រប់ចំនួន និងឈានទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយបាន។​

ក្នុង​ករណី​ដែល​ការ​ចរចារបស់គណបក្សប្រជាធិបតេយ្យថ្មី ​មិនទទួល​បាន​ជោគជ័យជាមួយគណបក្សទី២ ឬទី៣ នោះទេ នោះគណបក្សស៊ីរីហ្សា និងគណបក្សប៉ាសុក (PASOK) ដែលជាគណបក្សទទួលបានសំឡេងចំណាត់ថ្នាក់ទី២ និ​ងទី៣ នោះ ក៏​នឹង​ទទួល​បានរយៈពេល ៣ ថ្ងៃដូចគ្នាក្នុងការចរចាជាមួយគណបក្សដទៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបាន។ ​ប្រសិនបើគ្មានគណបក្សណាជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះបានទេនោះ លោកស្រី សាកេឡារ៉ូពូលូ នឹងតែងតាំងរដ្ឋាភិបាលចាំផ្ទះសិន ហើយនឹងរៀបចំការបោះឆ្នោតសារជាថ្មីនៅរយៈពេលមួយខែក្រោយខាងមុខ។

គួររំឭកថា កាលពីថ្ងៃអាទិត្យ លោក មិតសូតាគីស បានលើកឡើងថា ប្រជាពលរដ្ឋបានផ្តល់សេចក្ដីទុកចិត្តដល់លោក ក្នុងការដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី។ លោកបានរំលេចថា លោកទំនងជាមិនចូលរួមសម្ព័ន្ធភាពជាមួយគណបក្សណាមួយឡើយ។​

ការមើលឃើញរបស់លោក មិតសូតាគីស បានផ្ដោតទៅលើសន្លឹកឆ្នោតទីពីរដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធតំណាងពាក់កណ្តាលសមាមាត្រ ជាមួយនឹងឱកាសទទួលបានអាសនៈបន្ថែមទៀត ដូច្នេះវាជាការ​ជួយ​បង្កើន​លទ្ធភាព​ឱ្យគណបក្ស​របស់​លោកនឹង​ទទួល​បាន​ជ័យជម្នេះដោយសំឡេងគាំត្រភាគច្រើន​ដាច់​ខាតបាន។​

កាលពីថ្ងៃអាទិត្យដដែល លោក មិតសូតាគីស បានថ្លែងបន្ទាប់ពីដឹងលទ្ធផលថាលោកនឹងឈ្នះឆ្នោតថា «ដូចដែលយើងបានដឹងទាំងអស់គ្នាតាមរយៈលទ្ធផលបោះឆ្នោតហើយថា ប្រជាពលរដ្ឋចង់បានរដ្ឋាភិបាលដឹកនាំដ៏រឹងមាំមួយក្នុងអាណត្តិថ្មី រយៈពេល ៤ ឆ្នាំទៅខាងមុខដើម្បីអនុវត្តកំណែទម្រង់ឱ្យកាន់តែប្រសើរឡើង»៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ After no outright victory, Greek prime minister to get mandate for coalition

​​

ads banner