មន្រ្តី អ.ស.ប ព្រមានពីការវិវត្តន៍ទៅជាជម្លោះជាតិសាសន៍នៃជម្លោះនៅស៊ូដង់
អ.ស.ប៖ បេសកជនពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ប្រចាំប្រទេសស៊ូដង់លោក Volker Perthes បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ (UNSC) កាលពីថ្ងៃចន្ទថា ការប្រយុទ្ធគ្នានៅស៊ូដង់ អាចវិវត្តក្លាយទៅជាជម្លោះជាតិសាសន៍ ប្រសិនបើភាគីជម្លោះមិនគោរពតាមបទឈប់បាញ់។
លោក Perthes ថ្លែងយ៉ាងដូច្នេះថា ៖ «ការកើនឡើងនៃការជាប់ពាក់ព័ន្ធនឹងជាតិសាសន៍នៅក្នុងការប្រយុទ្ធគ្នានេះ មានហានិភ័យក្នុងការពង្រីក និងអូសបន្លាយជម្លោះ ដែលនឹងប៉ះពាល់ដល់តំបន់»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការព្រមានរបស់លោក Perthes ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលបទឈប់បាញ់រយៈពេល១សប្ដាហ៍ រវាងភាគីជម្លោះទាំងពីរ រួមមានកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ចូលជាធរមាននៅយប់ថ្ងៃចន្ទ។
លោកបន្តថា មានសញ្ញារួចហើយកាលពីខែមុន ដែលការប្រយុទ្ធកំពុងគំរាមកំហែងបំបែកប្រទេសទៅតាមជាតិសាសន៍ និងសហគមន៍ ហើយបញ្ហានេះកំពុងកើនឡើងថ្មីៗនេះ។
លោក Perthes បានគូសបញ្ជាក់ថា ៖ «នៅតំបន់ខ្លះនៃប្រទេស ការប្រយុទ្ធគ្នារវាងកងប្រដាប់អាវុធទាំង២ បានឈានដល់ភាពតានតឹងសហគមន៍ ឬបង្កជម្លោះរវាងសហគមន៍ផ្សេងៗគ្នា»។ លោកបន្តថា៖ «សញ្ញាព្រមានផ្សេងៗនៃការប្រមូលកម្លាំងតាមកុលសម្ព័ន្ធ ក៏ត្រូវបានរាយការណ៍ផងដែរនៅតំបន់ផ្សេងៗនៃប្រទេស ជាពិសេសនៅតំបន់ South Kordofan»។
បេសកជនពិសេសអ.ស.ប ដដែល បានថ្លែងទៀតថា បទឈប់បាញ់គឺជាអទិភាពកំពូលរបស់អង្គការ ហើយការទប់ស្កាត់ការកើនឡើងនៃជម្លោះជាតិសាសន៍ គឺជាអាទិភាពបន្ទាប់។
លោក Perthes បានហៅបទឈប់បាញ់ ដែលភាគីជម្លោះបានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ក្រោមការសម្របសម្រួលរបស់អារ៉ាប៊ីសាអូឌីត និងអាមេរិក ថាជាការវិវត្តន៍វិជ្ជមាន ទោះបីជាការប្រយុទ្ធគ្នានៅតែបន្តកើតមានមកទល់នឹងថ្ងៃចន្ទក៏ដោយ។
លោកបានអំពាវនាវឱ្យភាគីទាំងអស់គោរពបទឈប់បាញ់ ដោយបញ្ឈប់ការប្រយុទ្ធគ្នា ដើម្បីបើកផ្លូវឱ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ និងការពារបុគ្គលិក និងរបស់របរជំនួយមនុស្សធម៌ផ្សេងៗ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ការប្រយុទ្ធគ្នានៅស៊ូដង់ បានអូសបន្លាយអស់រយៈពេលជាងមួយខែមកហើយ។ ជម្លោះនេះបានធ្វើឱ្យមនុស្ស ១,១ លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយជាង ២,៥ សែននាក់បានភៀសខ្លួនទៅជ្រកកោននៅប្រទេសជិតខាង ដោយបង្កើតឱ្យមានវិបត្តិមនុស្សធម៌ ដែលគំរាមកំហែងដល់អស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ https://english.alarabiya.net/News/middle-east/2023/05/22/UN-warns-of-ethnicization-of-Sudan-conflict-