ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្ដមសិក្សាចំនួន១១ ប្រកាសដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារជាផ្លូវការ​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងគ្រឹះស្ថានឧត្ដមសិក្សាចំនួន១១ បានប្រកាសដាក់ឱ្យ​ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាផ្លូវការ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោម​​វត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំ​នួន ១១​។​

ប្រភពសេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​បានឱ្យដឹងថាគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១ នេះ រួមមាន៖ ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនី​តិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យា​ ស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យជាតិមានជ័យ, សាកលវិទ្យាល័យ ហេ​ង សំរិន ត្បូងឃ្មុំ, វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម, វិទ្យាស្ថានកំពង់ឈើទាល និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។​​

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ជា វ៉ាន់ដេត ​បានលើកឡើងថា ​កិច្ចសហការរបស់គ្រឹះស្ថានឧត្ដមសិក្សាទាំង ១​១ ជាមួយនឹង ក.ប.ទ. គឺមានសារៈសំខាន់ណាស់ ដែលជាការចូលរួមចំណែកអនុវត្តតាមប្រសាសន៍រ​បស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដោយ​ចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈ និងឯកជន ជា​ការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល។​

ឯកឧត្តមក៏បានគូសបញ្ជាក់​ពីសារៈសំខាន់នៃវិស័យអប់រំជាវិស័យដៃគូមួយសម្រាប់កិច្ចការបរិវត្តកម្មឌីជីថលផងដែរ​ ខណៈការចាប់ផ្ដើមធ្វើបរិវត្តកម្មឌីជីថលពីវិស័យអប់រំនឹងផ្ដល់ផលប្រយោជន៍ពីបច្ចេកវិ​ទ្យាឌីជីថលផ្ទាល់ដល់យុវជន ដែលជាក្រុមប្រជាសាស្ត្រធំនិងមានសារៈសំខាន់សម្រាប់អនាគតឌីជីថលរ​បស់​កម្ពុជា។

បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ​ជាថ្នាលរបស់រាជរដ្ឋា​ភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

កិច្ចព្រមព្រៀងរវាងក្រសួង​ និងគ្រឹះស្ថានឧត្តមសិក្សាទាំងនេះ ​ក្នុង​គោលបំណង​​ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ​, រៀបចំប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សាតាមបច្ចេកវិទ្យាឌីជីថល, រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត សម្រាប់ការប្រើប្រាស់ក្នុងគ្រឹះស្ថាន និងសហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនឹងគោលនយោ​បាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល។

​សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣  មានគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជនចំនួន១២ហើយ ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹង ក.ប.ទ. ហើយក៏នៅមានគ្រឹះស្ថានមួយចំនួនទៀត ដែលនឹងឈានដល់ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ​៕

ដោយ៖បូរ ពេជ្យហ្សាលីន

ads banner