សម្ដេចតេជោ  ហ៊ុន សែន៖ ការពង្រឹងវិស័យឯកជនឱ្យរឹងមាំ នឹងធ្វើឱ្យការអភិវឌ្ឍប្រទេសជាតិកាន់តែដើរទៅមុនបានលឿន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ភាគីពាក់ព័ន្ធត្រូវពង្រឹងវិស័យឯកជនរបស់កម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត ដោ​យវិស័យនេះជាដៃគូ ដែលមិនអាចខ្វះបាន ក្នុងការរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតកា​រងារ និងការរួមចំណែកបរិច្ចាគក្នុងវិស័យសំខាន់ៗផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោមានប្រសាសន៍ថា ៖ «ខ្ញុំបន់ស្រន់ចង់ឱ្យវិស័យឯកជនរបស់កម្ពុជា រឹងមាំ ហើយ​ខ្ញុំសូមបញ្ជាក់ថា ការបរិច្ចាគថវិកា​ស​ម្រា​ប់ការសាង និងបំពាក់​សម្ភារៈ​ក្នុងអគារនេះ គឺ​វិស័​យឯកជនរបស់កម្ពុជាចូលរួម​ច្រើនណាស់។ អ៊ីចឹង! ត្រូវពង្រឹងវិស័យឯកជនរ​បស់កម្ពុជាឡើង»។

សម្ដេចតេជោបានបន្តថា ​វិស័យឯកជន​បានចូលរួមចំណែកក្នុងការការពារ​ និងអភិវឌ្ឍន៍ ដោយបង្កើតការងារធ្វើផង និងមួយផ្នែ​ក​ទៀ​ត ប្រាក់ចំណេញរបស់ពួកគេក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍ លើវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យដទៃទៀ​​តផងដែរ​។​

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បាន​លើកឡើងថា វិស័យឯកជន និងរដ្ឋ មិនកាត់ផ្តាច់ពីគ្នានោះទេ ដោ​យភាគីទាំងពីរ ជាដៃគូដ៏ស្មោះត្រង់ ដែលមិនអាចខ្វះ​ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចំរើន។

ឧកញ៉ាបានបញ្ជាក់ថា៖ «ក្នុងនាមវិស័យឯកជន យើងតែងតែមានកិច្ចសហការល្អជាមួយរដ្ឋាភិបាល។ ដូចឃើញស្រាប់រា​ល់ពេលសម្តេចនាយកអញ្ជើញទៅប្រជុំ ឬពិភាក្សាការងារនៅក្រៅប្រទេស សភាពាណិជ្ជកម្ម ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន តែងតែធ្វើជាសេនាធិការជានិច្ច ក្នុងការផ្តល់យោបល់ និងឆ្លៀតឱកាសជួបជាមួយវិស័យឯកជនប្រទេសនោះ ដើម្បីច​ចារធុរកិច្ចពាណិជ្ជគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគទាំងនោះមកបណ្តាក់ទុននៅកម្ពុជាយើង»។

ឧកញ៉ា លឹម ហេង បាន​បន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល បានជួយដោះស្រាយបញ្ហាជាច្រើន ដែលវិស័យឯកជនបានជួបប្រ​ទះ រួមទាំងការផ្តល់ការលើកទឹកចិត្តផ្សេងៗដូចជាផ្នែកពន្ធជាដើម ដែលជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន៕ ដោយ៖វណ្ណ សុជាតា

ads banner