ថៃនាំចេញអង្ករជិត ២,៨លានតោន ក្នុងពេល៤ខែ

បាងកក៖ ការនាំចេញអង្កររបស់ថៃបានកើនឡើងជិតដល់ ២,៨លានតោន ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣។ រដ្ឋាភិបាលថៃបានឱ្យដឹងនាពេលថ្មីៗនេះថា ការនាំចេញអង្ករបានកើនឡើងដល់ ២,៧៩ លានតោន ក្នុងរយៈពេលចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ដោយបរិមាណនាំចេញសម្រាប់រយៈពេលពេញមួយឆ្នាំត្រូវបានព្យាករថា នឹងមានលើសពី៨លានតោន។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃបានប្រាប់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា មានការភ្ញាក់ផ្អើលចំពោះតួលេខនេះ ដែលមានតម្លៃ ១,៥ពាន់លានដុល្លារអាមេរិក (៥១,២ពាន់លានបាត) កើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អានុឆា (Anucha) បានបន្ថែមថា នាយករដ្ឋមន្ត្រីថៃបានណែនាំដល់ភ្នាក់ងាររដ្ឋនានាឱ្យធ្វើការយ៉ាងសកម្ម ដើម្បីបង្កើនការនាំចេញអង្ករបន្ថែមទៀត និងបង្កើនផលិតកម្មដំណាំ ខណៈពេលដែលជំរុញឱ្យតម្លៃស្រូវនៅទីផ្សារបរទេសមានកម្រិតខ្ពស់។ លោកបានបន្តថា ការនាំចេញអង្ករថៃត្រូវបានរំពឹងថា នឹងបន្តកើនឡើងបន្ទាប់ពីមានកំណើនតម្រូវការក្នុងប្រទេសជាច្រើន។

យោងតាមលោក អានុឆា (Anucha) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ការនាំចេញអង្ករមានចំនួន ៣,០៥លានតោន ហើយការបញ្ជាទិញអង្ករថៃពីក្រៅប្រទេសនៅតែបន្តកើនឡើង។ ទីផ្សារសំខាន់ៗសម្រាប់អង្ករថៃរួមមាន ប្រទេសអ៊ីរ៉ាក់ ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង សេណេហ្កាល់ បង់ក្លាដែស ចិន ជប៉ុន កាមេរូន និងម៉ូសំប៊ិក។

បច្ចុប្បន្ន ថៃជាប្រទេសនាំចេញអង្ករធំទីពីរក្នុងពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង (DIT) របស់ប្រទេសថៃព្យាករថា ការនាំចេញនឹងកើនឡើងដល់ ៨ លានតោន ធៀបនឹង ៧,៦៩លានតោនដែលបាននាំចេញក្នុងឆ្នាំ២០២២៕ ប្រភពពី Bangkokpost ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner