ក្រសួងសារធារណការ ប្តេជ្ញាជំរុញ និងលើកកម្ពស់សមភាពយេនឌ័រក្នុងក្រសួងឱ្យកាន់តែសកម្មថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់សិទ្ធិរបស់នារី តាមរយៈការជំរុញការចូលរួមរ​បស់ស្ត្រីក្នុងជីវភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងបង្កើនសមាសភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំផងដែរ។

​លោកជំទាវ​បាន​លើកឡើងដូចនេះ​​តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទ​ម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងច្បាប់ពាក់ព័ន្ធនាទីស្តីក្រសួង​ កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣​ ។

ប្រភពក្រសួង​សាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាសិក្ខាសាលានេះ​មាន​ការចូលរួមពី​អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូ​នខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងកំពង់ស្ពឺ ផងដែរ។​សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពី អនុសញ្ញា ស៊ី-ដ និងអនុសាសន៍១២ចំណុច របស់សម្ដេចតេជោ​ ក៏ដូចជាបង្កើនការយល់ដឹង​ គាំទ្រ និង​រួមចំណែក​ពីគ្រប់អង្គភាព​ក្នុងយុទ្ធនាការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹ​ងនារីភេទ ព្រមទាំងពង្រឹងការតាមដានការអនុវត្តអនុសញ្ញា និងច្បាប់ពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។​

​​លោកជំទាវ មឹន មាណវី បានថ្លែងថា ៖ «​រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ា​ងខ្លាំងលើការលើកកម្ពស់សិទ្ធិរបស់នារី តាមរយៈការជំរុញការចូលរួមរបស់ស្ត្រីក្នុងជីវភាពនយោបាយ ស​ង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងបង្កើនសមាសភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ តួ​យ៉ាងនៅក្រសួងសាធារណការ និងដឹកជញ្ជូន មានស្ត្រីដែលមានឋានៈជារដ្ឋលេខាធិការចំនួន៤រូបផងដែរ»។​​

​​រាជរដ្ឋាភិបាលកម្ពុជា ​មានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញឱ្យមានថ្នាក់ដឹកនាំជាស្ត្រីនៅតាមស្រុក/ខណ្ឌ-ខេត្ត ទូទាំងប្រទេសកម្ពុជា ពោលគឺយ៉ាងហោចណាស់ឱ្យមានអភិបាលរងស្រុក/ខណ្ឌ/ក្រុង និងអភិបាលរងខេត្ត ឬរាជធានីផងដែរ។ ​នេះបើតាមការអះអាងបន្ថែម​របស់​លោកស្រី មឹន មាណវី។​​

​សូមរម្លឹក​ថា ​​លោកជំទាវ អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនា​រី បានលើកឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២៣​ កន្លងទៅ​ថា នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦ ៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨ ៥៤២ នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំ​នាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

​លោកជំទាវបន្តថា ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំ​ណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម ដែលមានកម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ ភាគរយ ហើយក្នុងនោះ​ស្រ្តីប្រមាណ ៦១ភាគរយ ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។

លើសពីនេះទៀត កាលឆ្នាំ២០២២ នៅកម្ពុជា ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០ភាគរយទៅ ២២ភាគរយនិងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០ភាគរយ ទៅ ៣២ភាគរយថែមទៀត។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ខណៈសម្ដេចបានចាត់ទុកថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ៕ ដោយ៖បូរ ពេជ្យហ្សាលីន

ads banner