នៅថ្ងៃ៣០ ឧសភា រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងបានទទួលយកសេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា
ភ្នំពេញ៖ គណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៣ ប្រជុំរដ្ឋសភាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន និងបានទទួលយកសេចក្តីព្រាងច្បាប់ពីរទៀត គឺ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រគល់ជូនគណៈកម្មាជំនាញរដ្ឋសភាពិនិត្យសិក្សាផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។

ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៍បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរទៀត ដែលស្នើឡើងដោយរាជរដ្ឋាភិបាលគឺ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រគល់ជូនគណៈកម្មាជំនាញរដ្ឋសភាពិនិត្យ សិក្សា ផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានយល់ព្រមអនុម័តទាំងស្រុងលើ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងកែសម្រួលពាក្យពេចន៍មួយចំនួនទៅលើសេចក្តីព្រាងនេះផងដែរ។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរៀបចំឡើងជា ៩ជំពូក និង ១៨២មាត្រា និងសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំជា ៩ជំពូក និង ៣៥មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» គឺជាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន ដែលបានចំណាយពេលជិត៨ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០១៥។ ក្រសួងបរិស្ថាន បានប្រជុំជាច្រើនលើកច្រើនសារជាមួយបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំមតិ យោបល់ និងធាតុចូល ពិសេសជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។
«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» គឺជាសមិទ្ធផលរួម ដែលកើត ចេញពីការបេ្តជ្ញាចិត្ត និងឆន្ទៈនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងទាំងអស់ឈរលើស្មារតីសហការជិតស្និទ្ធប្រកបដោយមនសិការ ការលះបង់ សាមគី្គភាព និងឯកភាពជាតិ និងការទទួលខុសត្រូវខ្ពស់ ដោយតម្កល់អាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ធ្វើយ៉ាងណារៀបចំឱ្យមានលិខិតបករណ៍មួយ ដែលមានលក្ខណៈប្រមូលផ្ដុំគ្រប់ជ្រុងជ្រោយ បច្ចុប្បន្នភាព សង្គត្តិភាព និងស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ដែលពាក់ព័ន្ធ។ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាពជាក់ស្តែងនិយមសង្គត្តិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារនិងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គម។
«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» បំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ។ល។ ក្នុងគោលដៅបន្តជំរុញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាចីរភាព តាមការចង្អុលបង្ហាញផ្លូវប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
«សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់៣ គឺ៖ (១) លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវកម្ពុជាថ្មី។ បានធ្វើសមាហរណកម្ម, (២) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង (៣) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» អាចដើរតួជាគោលការណ៍គ្រឹះ និងជាក្របខ័ណ្ឌរួមសម្រាប់ចូលរួមរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតុល្យភាព ចំពោះបញ្ហាបញ្ហាស្មុគស្មាញជាច្រើន ដែលបាននិងកំពុងបន្តកើតមានឡើងក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយសារអន្តរកម្មជិតស្និទ្ធជាមួយវិស័យផ្សេងៗជាច្រើន។ ជាពិសេស សេចក្តីព្រាងក្រមនេះ នឹងរួមចំណែក៖ (១). ធ្វើឱ្យប្រសើរឡើងនូវ
ភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តន៍យ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន, (២) ដោះស្រាយបញ្ហាដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ និង(៣) លើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំឡើងដោយប្រមូលផ្ដុំ និងបែងចែកជា ១២គន្ថី និង ៨៨៨មាត្រា ដូចតទៅ៖
- គន្ថីទី១ បទប្បញ្ញត្តិទូទៅ
- គន្ថីទី២ ការគ្រប់គ្រងបរិស្ថាននិងយន្តការប្រកបដោយនិរន្តភាព
- គន្ថីទី៣ កិច្ចគាំពារបរិស្ថាន
- គន្ថីទី៤ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការគ្រប់គ្រងធនធានធម្មជាតិ តំបន់ឆ្នេរ តំបន់កោះ និងសមុទ្រ
- គន្ថីទី៥ ការវាយតម្លៃបរិស្ថាន
- គន្ថីទី៦ ការទទួលខុសត្រូវលើការខូចខាតបរិស្ថាន
- គន្ថីទី៧ ការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងការយល់ដឹងអំពីបរិស្ថាន
- គន្ថីទី៨ វិធានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រាក់កម្រៃ និងមូលនិធិផ្នែកបរិស្ថាន
- គន្ថីទី៩ ការដោះស្រាយវិវាទបរិស្ថាន និងធនធានធម្មជាតិ
- គន្ថីទី១០ ទោសប្បញ្ញតិ្ត
- គន្ថីទី១១ អន្តរប្បញ្ញត្តិ
- គន្ថីទី១២ អវសានប្បញ្ញត្តិ
«សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានគោលបំណងកែសម្រួលបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្រប។ បន្ថែមពីលើនោះ គឺបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS) ជាដើម។
សេចក្ដីព្រាងច្បាប់នេះ បានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយ ដែលពីមុនបទប្បញ្ញត្តិទាំងនេះ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តផ្សេងៗគ្នា ហើយការប្រមូលផ្ដុំបទប្បញ្ញត្តិទាំងអស់ឱ្យនៅក្នុងច្បាប់តែមួយនេះ ធ្វើឱ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងអ្នកអនុវត្តច្បាប់ផងដែរ។
សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវភាពរឹងមាំ ដែលត្រូវបានការពារដោយច្បាប់។
សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើង មិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហា ដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះនោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករណ៍ទុកជាមុនរួចជាស្រេច ទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។
គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងពង្រឹង លើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រង ស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះជនគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ។
សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នេះមាន ១២ជំពូក និង ១៨២មាត្រា ដូចខាងក្រោម៖
– ជំពូកទី១ ស្ដីពីបទប្បញ្ញត្តិទូទៅ
– ជំពូកទី២ ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន
– ជំពូកទី៣ ស្ដីពីស្ថិតិអត្រានុកូលដ្ឋាន
– ជំពូកទី៤ ស្ដីពីការចុះបញ្ជីស្នាក់នៅ
– ជំពូកទី៥ ស្ដីពីការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
– ជំពូកទី៦ ស្ដីពីប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន
– ជំពូកទី៧ ស្ដីពីការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ
– ជំពូកទី៨ ស្ដីពីកម្រៃសេវា
– ជំពូកទី៩ ស្ដីពីការត្រួតពិនិត្យ និងអធិការកិច្ច
– ជំពូកទី១០ ស្ដីពីទោសប្បញ្ញតិ
– ជំពូកទី១១ ស្ដីពី អន្តរប្បញ្ញតិ
– ជំពូកទី១២ ស្ដីពី អវសានប្បញ្ញតិ៕
ដោយ៖ពលជ័យ
