របរបណ្តុះកូនឈើរបស់ប្រជាពលរដ្ឋនៅ ព្រែកហូរ តាំងពីដូនតា កំពុងកាក់កប

ភ្នំពេញ៖ក្នុងមុខរបរដែលបន្តពីដូនតា និងជារបរមួយមើលទៅស្ងប់ស្ងាត់នៅតែផ្ទះរៀងៗខ្លួន ពិតមែន ប៉ុន្តែការបណ្តុះកូនឈើលក់ ក៏អាចរកចំណូលបានងាយស្រួល និងមិនចាំបាច់ចេញដំណើរទៅទីឆ្ងាយៗដែលត្រូវប្រឈមបញ្ហាច្រើននោះឡើយ។

អ្នកភូមិដែលរស់នៅឃុំព្រែកហូរ និង មួយចំណែកនៅ ឃុំ ព្រែកឬស្សី ក្រុង តាខ្មៅ ខេត្ត កណ្តាលស្ទើរតែ៧០ទៅ៩០ភាគរយហើយតែងប្រកាន់ខ្ជាប់ក្នុងមុខរបរបណ្តុះកូនឈើលក់តាំងតែពីដូនតា មក។ទាំងអស់នេះក៏ដោយសារទឹកដីតំបន់នេះគឺជាទីកន្លែងបង្កលក្ខណៈងាយស្រួលក្នុងការបណ្តុះកូនឈើព្រោះតែភូមិសាស្រ្តអំណោយផលជាប់នឹងដងព្រែកទន្លេ ដែលជាប្រភេទដីល្អៗងាយស្រួលក្នុងការជួយឱ្យកូនឈើលូតលាស់បានល្អទៅតាមតម្រូវការទីផ្សារ។

អ្នកបណ្តុះកូនឈើច្រើនឆ្នាំ ហើយបានទទួលជោគជ័យក្នុងមុខរបរមួយនេះអស់កាលមិនតិចជាង៣០មកនេះគឺលោក ចិន ថន សព្វថ្ងៃ នៅភូមិ បត់តាជី ក្នុងឃុំ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលបានរៀបរាប់ប្រាប់ថា៖មុខរបរបណ្តុះកូនឈើគឺត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នេះប្រកាន់ខ្ជាប់អស់កាលច្រើនតំណមកហើយ។មុខរបរមួយនេះបានធ្វើឱ្យពលរដ្ឋអាចរកប្រាក់ចំណូលបានងាយស្រួល ហើយចំណាយដើមទុនតិចទទួលបានផលខ្ពស់ថែមទៀត។

ក្នុងវ័យ ៦៧ឆ្នាំ ដែលជាអ្នកបណ្តុះកូនឈើចិញ្ចឹមជីវិតចាប់តាំងតែពីឆ្នាំ១៩៩៣ មក លោក ចិន ថនបានឱ្យដឹងផងថាមុខរបរនេះគិតជាមធ្យមអាចរកប្រាក់ចំណូលចាប់ពី ១០រហូតដល់ជាង២០ម៉ឺនរៀលក្នុងមួយថ្ងៃ។សម្រាប់ថ្ងៃខ្លះទៀតដែលមានអតិថិជនតម្រូវការខ្ពស់ ពិសេសនារដូវដើមឆ្នាំអាចលក់បានប្រាក់ចំណូលរហូតដល់៧០ទៅជាង១លានរៀលក្នុងមួយថ្ងៃទៀតផង។ប្រាក់ចំណូលនេះអាចធ្វើឱ្យរូបលោកផ្គត់ផ្គង់ជីវភាពគ្រួសារបានងាយស្រួល។

អ្នកស្រី ប្រុក ស៊ីណូ សព្វថ្ងៃរស់នៅភូមិបត់តាជី ក្នុងឃុំព្រែកហូរនេះដែរ កំពុងម្នីម្នាក្នុងការថែទាំងកូនឈើរបស់ខ្លួនដើម្បីទុកលក់ឱ្យអតិថិជនបានបញ្ជាក់ប្រាប់ថាកាលពីមុន មុខរបរបណ្តុះកូនឈើនេះ មានលក្ខណៈទ្រង់ទ្រាយតូចៗទេ តែរយៈពេល១០មកនេះ ដោយសារកំណើនតម្រូវការខ្ពស់ ទើបអ្នកស្រីមានការពង្រីកកាន់តែធំ។

ខណៈពេលកូនឈើដែលនាំចូលមកពីបរទេសកំពុងលុកលុយទីផ្សារ ផងដែរនោះ អ្នកស្រី ក៏បានសំណូមឱ្យពលរដ្ឋកម្ពុជាគាំទ្រផលិតផលខ្មែរយើងឱ្យបានច្រើន ដើម្បីជួយលើកទឹកចិត្ត ពលរដ្ឋខ្មែរផលិតកូនឈើក្នុងស្រុកឱ្យកាន់តែច្រើន និងជាការលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋខ្មែរផងដែរ។

ដោយឡែកអ្នកស្រី ផា ចិន្តា ដែលរស់នៅភូមិបត់តាជី ដូចគ្នាបានបញ្ជាក់ប្រាប់ថា៖ការបណ្តុះកូនឈើមិនជួបការលំបាកទេ ហើយតាមរយៈការបណ្តុះកូនឈើនេះបានជួយជីវភាពអ្នកស្រីច្រើន។ចំពោះមុខរបរនេះក៏ងាយស្រួលដែរ គឺយើងមិនចាំបាច់ចេញទៅប្រកបរបរឆ្ងាយៗដែលអាចឱ្យគាត់មានឱកាសថែទាំកូនចៅ និងមើលផ្ទះសម្បែងផង។

អ្នកស្រី សោម សុខុម សព្វថ្ងៃរស់នៅភូមិព្រែកអញ្ចាញ ឃុំ ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលវិញបានប្រាប់ថាការបណ្តុះកូនឈើរយៈពេលចាប់ពី៣ខែដល់មួយឆ្នាំបានលក់ហើយ។នៅពេលបណ្តុះបានមានអតិថិជនមកទិញហូរហែ ឥតសូវចេះដាច់ទេ។

ស្រ្តីរូបនេះបានបញ្ជាក់បន្ថែមថាការបណ្តុះកូនឈើចាំបាច់ចេះជ្រើសរើសពូជ ហើយការលក់ទៀតសោតគឺដាច់ទៅតាមរដូវកាលដែលកសិករនៅតាមខេត្ត នីមួយៗនិយមដាំផងដែរ។

គួរបញ្ជាក់ថាបើតាមអ្នកប្រកបរបរលក់កូនឈើនិងបណ្តុះកូនឈើបានឱ្យដឹងថានៅពេលរដូវវស្សាជិតឈានមកដល់ពិសេសអំឡុងចុងខែមេសានិងដើមខែឧសភាពួកគាត់លក់កូនឈើនិងកូនរុក្ខជាតិនានាដាច់បំផុតដោយសារថាប្រជាពលរដ្ឋដែលជាអ្នកចំការ និង អ្នកនៅតាមទីជនបទមួយចំនួនចាប់ផ្តើមធ្វើការដាំដុះឱ្យទាន់រដូវភ្លៀងធ្លាក់។

ជាមួយគ្នានេះមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាននាកន្លងមកបានសំណូមពរដល់ ប្រជាពលរដ្ឋឱ្យរួមគ្នាប្រមូលគ្រាប់ពូជឈើ ចូលរួមដាំដើមឈើ ពីព្រោះថាមិនត្រឹមតែបង្កើភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលយើងបានដាំនៅពេលនេះនឹងក្លាយជាព្រៃឈើនិងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយរបស់បងប្អូន ហើយក័ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner