​សហភាព​អឺរ៉ុប​​អះ​អាង​ពី​ការ​បញ្ជូនគ្រាប់​​កាំ​ភ្លើង​ធំ​ជាង​ ពីរសែន​គ្រាប់​ទៅ​​​ឱ្យ​អ៊ុយក្រែន​​

អឺរ៉ុប៖ប្រធាន​គោល​នយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប​ លោក​ Josep Borrell បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៣​ ​ខែឧសភា​ ថា​ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​បាន​ផ្តល់​គ្រាប់​​កាំភ្លើង​ធំ​ចំនួន​ ២២០ ០០០ គ្រាប់​ទៅ​ដល់​អ៊ុយក្រែន​ ក្រោម​ផែនការ​​​បង្កើន​​ការ​ផ្គត់​ផ្គង់​គ្រាប់​រំសេវ​ដល់​ទីក្រុង​កៀវ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពា​នរបស់​រុស្ស៊ី​។  នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក ​Borrell ​បាន​និយាយ​ថា​ ​ប្លុក​​ក៏​បាន​ផ្តល់​ឱ្យ​នូវ​​​មីស៊ីល​ចំនួន​ ១ ៣០០ គ្រាប់​ផង​ដែរ ​ក្រោម​ផែនការ​​នេះ​ ហើយ​​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​គោលដៅ​នៃ​ការ​ផ្គត់​ផ្គង់​គ្រាប់​រំសេវ​ចំនួន​ ១ លាន​គ្រាប់​/ឆ្នាំ​ ទោះ​បី​ជា​​ប្រទេស​ EU ​មួយ​ចំនួន​​ជៀស​វាង​ការ​យល់​ព្រម​លើ​គោលដៅ​បែប​នេះ​ក៏​ដោយ​។ ​

លោក ​Borrell ​​អះ​អាង​យ៉ាង​ដូច្នេះ​​​ប្រាប់​អ្នក​យក​ព័ត៌មាន ​នៅ​ពេលលោក​​​​ប្រកាស​អំពី​តួលេខនៃ​គ្រាប់​កាំ​ភ្លើង​ធំ​ដែល​ត្រូវ​បញ្ជូន​ទៅ​អ៊ុយក្រែន​ ​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​របស់​សហភាព​អឺរ៉ុប​នៅ​ទីក្រុ​ង​ប្រ៊ុចសែល។ លោក​បន្ត​​​ថា​៖ «​នៅ​​​ថ្ងៃ​ សប្តាហ៍ ​និង​ខែ​បន្ទាប់​ នឹង​មាន​ការ​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្រ្ត​នៅ​ក្នុង​​សង្រ្គាម​នៅ​អ៊ុយក្រែន​»​។

គួរ​រំឭក​ថា​ រដ្ឋាភិបាល​សហភាព​អឺរ៉ុប​បាន​យល់​ព្រម​លើ​ផែនការ​​​ផ្គត់​ផ្គង់​គ្រាប់​រំសេវ​កាល​ពី​ខែ​មីនា ​បន្ទាប់​ពី​ទី​ក្រុង​កៀវ​​បាន​ព្រមាន​ថា​ ខ្លួន​កំពុង​ត្រូវ​ការ​​គ្រាប់​កាំភ្លើង​ធំ​យ៉ាង​ខ្លាំង​ ខណៈ​​សង្រ្គាម​​ឈ្លាន​ពាន​របស់​អ៊ុយក្រែន​​នៅ​បន្ត​តាន​តឹង​ ដែល​ត្រូវ​ការ​គ្រាប់​បាញ់​រាប់​ពាន់​ក្នុង​១​ថ្ងៃ​ៗ​។

​ផែនការ​របស់​ EU ​ដែល​មាន​តម្លៃ​យ៉ាង​តិច​ ២​ ប៊ី​លាន​អឺរ៉ូ​នេះ​ បង្ហាញ​​ពី​ជំហាន​ដំបូង​ដែល​ប្លុក​​ចូល​រួមKjna ​ក្នុង​ការ​ផ្តល់​មូល​និធិ​​ទិញ​អាវុធ​រួម​គ្នា​ទ្រង់​ទ្រាយ​ធំ​ និង​​ឆ្លុះ​បញ្ចាំង​ពី​របៀប​ដែល​​ប្លុក​កាន់​តែ​ពាក់​ព័ន្ធ​ខ្លាំង​​ទៅ​ៗ​​លើ​កិច្ច​ការ​យោធាក្នុង​សង្រ្គាម​​ ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លាន​ពានអ៊ុយក្រែន​​នៅ​ចុង​ខែ​កុម្ភៈ​ឆ្នាំ​មុន​។ ​​

កន្លង​មក​ រុស្ស៊ី​បាន​ចោទ​ប្រកាន់​លោក​ខាង​លិច​ រួម​ទាំង​ប្លុក​អឺរ៉ុប​ និង​ជា​ពិសេស​ប្លុក​ណាតូ​ ថា​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដោយ​ផ្ទាល់​ តាម​រយៈ​ផ្ដល់​ជំនួយ​សព្វា​វុធ​ឱ្យ​អ៊ុយក្រែន​ រា​ប់​តាំង​ពី​អាវុធ​ធន់​ស្រាល​ រហូត​ដល់​អាវុធ​ធន់​ធ្ងន់​ទំនើប​ៗ​ រួម​ទាំង​​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​។ រុស្ស៊ី​អះ​អាង​ថា​ ការ​ផ្ដល់​អាវុធ​ឱ្យ​អ៊ុយក្រែន​ធ្វើ​ឱ្យ​សង្រ្គា​ម​កាន់​តែ​អូស​​បន្លាយ​ និង​មិន​មែន​ធ្វើ​ឱ្យ​ទិស​ដៅ​សង្រ្គាម​របស់​ខ្លួន​បត់​ក្បាល​នោះ​ទេ​។ លោក​ខាង​លិច​ និង​អ៊ុយក្រែន ដែល​កំពុង​ទទូច​សុំ​យន្តហោះ​ចម្បាំង​ពី​សម្ព័ន្ធ​មិត្ត​​វិញ​ បាន​​ច្រាន​ចោល​ការ​លើក​ឡើង​បែប​នេះ​របស់​វិមាន​ក្រឹម​ឡាំង​ ដោយ​អះ​អាង​ពី​តម្រូវ​ការ​អាវុធ​ដើម្បីបណ្ដេញ​កង​ទ័ព​រុស្ស៊ី និង​​រំដោះ​ទឹក​ដី​​​របស់​ខ្លួន​មក​វិញ​៕

 ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ EU says it’s sent 220,000 artillery shells to Ukraine  

ads banner