រដ្ឋមន្រ្តីក្រសួងកសិកម្មបានផ្ដួចផ្ដើមឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោតនិងបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត
ក្រចេះ៖ រដ្ឋមន្រ្តីក្រសួងកសិក្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា បានផ្ដួចផ្ដើមរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោតនិងបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះធ្វើជាឆ្មាំការពារផ្សោតបាន។ មន្ត្រីមូលដ្ឋានបានសាទរថា ការផ្ដួចផ្ដើមបែបនេះ នឹងធ្វើឱ្យកម្លាំងអភិរក្សផ្សោតកាន់តែច្រើនឡើង ហើយផ្សោតនឹងកាន់តែមានសុវត្ថិភាព។
ឯកឧត្តម ឌិត ទីណា បានលើកឡើងដូចនេះ ក្នុងពិធីប្រគល់ទូក និងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣ ដោយលោកបានកោតសរសើរចំពោះការលះបង់របស់ឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់ និងបន្តការងារនេះឱ្យមានប្រសិទ្ធភាព និងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតនសម្បត្តិឱ្យបានល្អ។

តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យមានការសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ។
ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា ក្នុងស្មារតីនេះដែរ ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោត និងអ្នកដែលស្រលាញ់ផ្សោត។ លើសពីនេះទៀត ឱ្យមានការបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោតបាន ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។

ជុំវិញរឿងនេះដែរ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៤ ខែឧសភា ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ មានការអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមពីថ្នាក់ជាតិ ទាក់ទងឱ្យមានការរៀបចំការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោតនេះ។លោកបន្តថា អាជ្ញាធរខេត្ត នឹងប្ដេជ្ញាចូលរួមក្នុងការអនុវត្តផែនការនេះ និងគោលការណ៍ណែនាំរបស់រដ្ឋបាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធឱ្យបានសម្រេចជោគជ័យ។
លោក ម៉ែន គង់ បាននិយាយថា ការណ៍ដែលលោកបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោតនេះ វាជាការផ្ដល់ឱកាសឱ្យពលរដ្ឋ ក៏ដូចជាយុវជនជំនាន់ក្រោយ ព្រមទាំងសហគមន៍ និងពលរដ្ឋនៅតាមមូលដ្ឋាន មានឱកាសក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ ពិសេសបានចូលរួមការការពារអភិរក្សសត្វផ្សោត ដែលជាសក្ដានុពលរបស់ដងទន្លេមេគង្គកម្ពុជា។

ការផ្ដួចផ្ដើមបែបនេះ ជាផ្នែកមួយដែលមានសារៈសំខាន់ ដែលមានការចូលរួមរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរ ឬក្រុមអភិរក្ស ដែលនេះជាការផ្ដល់តម្លៃទៅលើធនធានធម្មជាតិដែលមាន ដែលអាចមិនមែនត្រឹមតែសត្វផ្សោតទេ ដែលត្រូវបានការពារ តែមានធនធានធម្មជាតិផ្សេងៗទៀត ដែលជាផ្នែកមួយដែលពួកគាត់អាចរួមចំណែកថែរក្សា ការពារឱ្យបានគង់វង្សផងដែរ។
សូមរម្លឹកថា នាពេលកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ឱ្យមន្ត្រីពាក់ព័ន្ធរៀបចំផ្ដល់បណ្ណក្រីក្រ និងបង្កើតមុខរបរថ្មី ទៅដល់ប្រជានេសាទដែលអាស្រ័យផលតាមដងទន្លេមេគង្គ ដើម្បីឱ្យប្រជានេសាទនៅតំបន់ទាំងនោះបញ្ឈប់ការនេសាទដែលបង្កហានិភ័យទៅដល់សត្វផ្សោតទន្លេមេគង្គជាបន្តទៅទៀត។
សូមបញ្ជាក់ថា ទូក និងសម្ភារល្បាតដែលត្រូវបានប្រគល់ដល់ឆ្មាំការពារ មាន៖ ទូកម៉ាស៊ីនចំនួន ៦គ្រឿង , អាវពោង ៤៤អាវ, សឺម៉ែល ២៤គ្រឿង និងថវិកាឧបត្ថម្ភពីអភិបាលខេត្តក្រចេះ ៥,៥លានរៀលសម្រាប់បុស្តិ៍ឆ្មាំទាំង១១ និងសម្ភារមួយចំនួនទៀត។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រួមនឹងអាជ្ញាធរខេត្តក្រចេះ បានធ្វើការដុតបំផ្លាញសម្ភារនេសាទខុសច្បាប់ដែលបង្ក្រាបបាន ដូចជា ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ មងក្រឡាធំ និងឧបករណ៍មួយចំនួនទៀតផងដែរ៕ ដោយៈជា សុខនី