២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)
ប្រទេសមួយចំនួននៅអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តមានការឆ្លងថ្មី ១ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៦២៩ករណី ដែលជាតួលេខឆ្លងកើនឡើងមកវិញចំនួន ៣៣៤ករណី ធៀបនឹងការឆ្លង កាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ៤៣៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៥ម៉ឺន ៨ពាន់ ៥៤០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៧៥១នាក់។ បើគិតសរុប នៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៩លានករណី, និងការស្លាប់មានជាង ៦លាន ៨៨ម៉ឺននាក់៕