ក្រសួងអប់រំ ជំរុញឱ្យយុវជនបង្កើតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីជាស្នូលក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមកាន់តែខ្លាំង និងបានជំរុញឱ្យយុវជនកម្ពុជា បង្កើតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែរីកចំរើនថែមទៀត។

ការជំរុញនេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្មឌីជីថល នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទសហគ្រិនឌីជីថលនវានុវត្ដន៍អាជីវកម្ម រដូវកាលទី៣ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា នាខេត្ដសៀមរាបកាលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យឌីជីថលដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ដោយបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។ ហេតុនេះឯកឧត្តមបានជំរុញឱ្យយុវជនបង្កើតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលបន្ថែមទៀត។

ឯកឧត្តមបន្តថា៖« ការជឿជាក់លើប្រព័ន្ធឌីជីថល គឺជាការផ្តោតលើការកសាងប្រព័ន្ធច្បាប់ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល។ ដូច្នេះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិក ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិត ក្នុងចំណោមយុវជន និងការកើនឡើងនូវចំណេះដឹង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា មានការកើនឡើងជាបន្ដបន្ទាប់»។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជននៃក្រសួងអប់រំ បានឱ្យដឹងថា៖«កម្មវិធីបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្មរបស់កម្មវិធីយុវជន២១នេះមានរយៈពេលប្រាំពីរថ្ងៃ ដោយមានយុវជនចំនួន៨០រូប វាគ្មិនចំនួន១៣រូប ដោយផ្តោតសំខាន់លើមេរៀនចំនួន១៧ ដែលនឹងអាចធ្វើឱ្យយុវជន ទទួលបានចំណេះដឹងជាច្រើន ទាំងការបង្កើតគំនិតអាជីវកម្ម ការសរសេរផែនការអាជីវកម្ម និងការរៀបចំសកម្មភាពដើម្បីអនុវត្តអាជីវកម្មរបស់ខ្លួនជាដើម»។ លោកបន្តថា មានមេរៀនចំនួន១៧ទាំងនោះ រួមមាន ការប្រមូលនិងវិភាគទិន្ន័យ, ការកំណត់គោលដៅ និងគំនិតផ្តួចផ្តើមអាជីវកម្ម , ការបង្កើត និងការគ្រប់គ្រងអាជីវកម្ម , ផែនការអាជីវកម្មបែបឌីជីថល ផលិតវីឌីអូ និងប្រព័ន្ធផ្សព្វផ្សាយ ចម្បាំងខាងក្នុង យុទ្ធសាស្ត្រ ដើម្បីក្លាយខ្លួនជាសហគ្រិនឆ្នើម ការនិយាយជាសារធារណៈ គំនិតអាជីវកម្មឌីជីថល ការកំណត់យុទ្ធសាស្ត្រទីផ្សារ ការវិភាគទីផ្សារបែបឌីជីថល ការវិភាគហិរញ្ញវត្ថុ ការវិភាគថ្លៃដើម និងផលចំណេញ ការគ្រប់គ្រងអាជីវកម្មការគ្រប់គ្រងហានិភ័យជាដើម។

តាមរយៈកម្មវិធីយុវជន២១នេះ លោក ម៉ិល ផនសីហា ស្នើឱ្យសិក្ខាកាមត្រូវតែមានមោទនភាព និងមានជំនឿជាក់លើខ្លួនឯង ដើម្បីត្រៀមខ្លួនក្នុងភាពជាអ្នកដឹកនាំធុរកិច្ច និងជាសហគ្រិនលើមុខរបរអាជីវកម្មនានា ក្នុងន័យចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យមានការរីកចម្រើនថែមទៀត។

ជំរុញវិញការជំរុញឱ្យយុវជនអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនេះដែរ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា បានបង្ហាញការគាំទ្រឱ្យយុវជនកម្ពុជា ខិតខំពង្រឹងសមត្ថភាពលើ ប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលបន្ថែម ព្រោះវិស័យឌីជីថលមានគុណតម្លៃខ្ពស់ដែលអាចឱ្យយុវជនមានសមត្ថភាពកាន់តែខ្លាំង និងទទួលបានឱកាសការងារល្អ និងទទួលបានប្រាក់ខែខ្ពស់ថែមទៀត។
លោកបន្ថែមថា៖ «ការកសាងធនធានមនុស្សគឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដែលចំណុចនេះ គឺទាមទារឱ្យមានការពង្រឹងសមត្ថភាពបន្ថែមលើជំនាញឌីជីថល»៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner