អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារគណបក្សខេត្តកណ្តាលថ្មី

អត្ថបទដោយ៖
Kien Sereyvuth

ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា, ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារគណបក្សខេត្តកណ្តាលថ្មី ដែលស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លើផ្ទៃដីទំហំប្រមាណ ៣ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

 ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ  និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ, លោកតា និងបងប្អូនជាសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាលផងដែរ ដោយគូសបញ្ជាក់ថា មានតែសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជានិច្ចជាកាល តែងតែគិតគូរ ពីសុខទុក្ខ,  ការលំបាក, សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងតែងតែនៅជាប់ជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ។

 ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, កម្ពុជាមានការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ។  ជាក់ស្តែង, ក្នុងរយៈពេលជាងពីរទស្សវត្សចុងក្រោយនេះ, ជាមួយនឹងសុខសន្តិភាព, ស្ថេរភាពនយោបាយ និងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចល្អ, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ដែលកំណើននេះបានប្រែក្លាយកម្ពុជា ពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ ២០១៥ ។ ទន្ទឹមនេះ, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនស្អេកស្អះ ដូចជា ផ្លូវថ្នល់, ស្ពាន, បណ្តាញអគ្គីសនី, ទឹកស្អាត, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន, រោងចក្រ, សហគ្រាស, មជ្ឈមណ្ឌលពាណិជ្ជកម្ម, ផ្សារទំនើប និងអគារខ្ពស់ៗ ត្រូវបានស្ថាបនានៅពាសពេញផ្ទៃប្រទេស និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ, ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំឱ្យក្រុមការងារគណបក្សគ្រប់កម្រិត ត្រូវបង្កើនការងារដឹកនាំគណបក្សឲ្យបានល្អប្រសើរ, សហការជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ដើម្បីថែរក្សាការពារ, ពង្រឹងវិស័យសន្តិសុខ, សណ្តាប់ធ្នាប់សង្គម និងត្រូវយកបន្តពង្រឹងឲ្យមានប្រសិទ្ធភាពខ្ពស់នូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានគ្រប់ថ្នាក់ និងយន្តការគណបក្សថ្នាក់ខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់, ភូមិ និងសាខាបក្សភូមិ ដើម្បីធានាឱ្យបានទាំងបរិមាណ និងគុណភាពសមាជិកបក្ស ដើម្បីទទួលបានការគាំទ្រជឿជាក់ និងទំនុកទុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកលើគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនេះ, ឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់សកម្ម ភាពអសកម្ម និងអំពើល្មើសច្បាប់នានានៅក្នុងមូលដ្ឋាន  និងត្រូវខិតខំផ្តល់សេវាសាធារណៈ គ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋ ឲ្យបាន ឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

គួរបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់ដីមួយកន្លែងដែលមានទំហំ ៣ ហិកតា មានទីតាំងជាប់ផ្លូវជាតិលេខ ២១ ចម្ងាយ ១៨ គ.ម ពីរាជធានីភ្នំពេញ ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រាប់សាងសង់ទីស្នាក់ការថ្មីរបស់គណបក្សខេត្តកណ្តាល ។ អគារស្នាក់ការគណបក្សខេត្តថ្មីនេះ មាន ៣ជាន់ ចែកចេញជាពីរផ្នែកសំខាន់ គឺផ្នែកខាងមុខជាការិយាល័យសម្រាប់ ធ្វើការ និងផ្នែកខាងក្រោយជាកន្លែងសម្រាប់ប្រជុំរួម ឬសន្និបាតធំៗ ដែលនឹងត្រូវសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវឺឡុបមែន គ្រុប ។

ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងគណៈអធិបតី បានបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃបើកការដ្ឋានជាផ្លូវការ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner