មនុស្សរាប់ម៉ឺននាក់នៅស៊ែប៊ី ចេញតវ៉ា ប្រឆាំងគោលនយោបាយសន្តិសុខសង្គមរបស់រដ្ឋាភិបាល
បែលហ្រ្កាដ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បើទោះបីជាមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំងក៏ដោយ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបែលហ្ក្រាដ (Belgrade) ប្រទេសស៊ែប៊ី ដើម្បីធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល ដោយបានសម្តែងការខឹងសម្បារចំពោះករណីបាញ់ប្រហារចំនួនពីរលើក និងបានសម្លាប់មនុស្សអស់ចំនួន ១៨ នាក់។
ក្រុមអ្នករិះគន់បានលើកឡើងថា ករណីនេះកើតឡើងដោយសារតែបណ្ដោយឱ្យវប្បធម៌ហិង្សាបន្តកើតមាន ដែលពួកគេជឿថាអា ជ្ញាធរស៊ែប៊ីមិនមានសមត្ថភាពក្នុងការទប់ស្កាត់ តែបែរជាអនុញ្ញាតឱ្យរីករាលដាលពាសពេញសង្គម។
គួររំឭកថា កាលពីថ្ងៃទី៣ ខែឧសភា ក្មេងប្រុសជំទង់ម្នាក់បានបាញ់សម្លាប់សិស្ស ៩ នាក់ និងសន្តិសុខម្នាក់នៅទីក្រុងបែលហ្ក្រា ដ ហើយមួយថ្ងៃក្រោយមក បុរសវ័យ ២១ ឆ្នាំម្នាក់ទៀតបានបាញ់សម្លាប់មនុស្ស ៨ នាក់នៅខាងក្រៅទីក្រុងដដែល។
គណបក្សប្រឆាំងដែលបានរៀបចំការតវ៉ាបាតុកម្មនេះឡើង បានស្ដីបន្ទោសទៅកាន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សជឿនលឿនស៊ែប៊ី ឬហៅកាត់ថា SNS ថាបានខកខានក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សព្វផ្សាយមាតិកាហិង្សា និងមិនបានចាត់វិធានការប្រឆាំងនឹងដើមហេតុនៃឧក្រិដ្ឋកម្មនៅក្នុងសង្គម។
គួរដឹងដែរថា បាតុកម្មតវ៉ានេះគឺជាការធ្វើឡើងលើកទី៤ហើយ ក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ដោយចំនួនបាតុករមានប្រហាក់ប្រហែលគ្នាទៅនឹងការបាតុកម្ម ៣ លើកមុនៗ បើទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ។
បាតុកររាប់ពាន់នាក់បានឡោមព័ទ្ធទីតាំងរបស់ទូរទស្សន៍រដ្ឋមួយឈ្មោះថា RTS ដោយទាមទារឱ្យប្រធានាធិបតីស៊ែប៊ី លោក អា ឡិកសាន់ដារ វូស៊ីក (Aleksandar Vucic) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប្រាធីស្លាវ ហ្កាស៊ីក (Bratislav Gasic) និងលោក អាឡិកសាន់ដារ វូលីន (Aleksandar Vulin) នាយកទីភ្នាក់ងារសន្តិសុខរបស់ប្រទេសស៊ែប៊ី លាលែងចេញពីតំណែង។ ក្រុមបាតុករក៏ទាមទារឱ្យមានការ បង្កើនការគោរពសិទ្ធិ សេរីភាព សារព័ត៌មានឱ្យកាន់តែប្រសើរឡើង ផងដែរ ។
បាតុករមក ពី ទីក្រុង បែលក្រាដម្នាក់ឈ្មោះ ថា ចាំងកូ (Janko) បាន និយាយ ថា ៖ « វាដល់ពេលដែលត្រូវធ្វើការ ផ្លាស់ ប្តូរជាវិជ្ជ មានហើយ»។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលបាន បដិសេធ ការ ចោទ ប្រកាន់ របស់ គណបក្ស ប្រឆាំង ហើយ ចោទ ប្រកាន់ ពួក គេ ថាបាន ធ្វើ បាតុកម្ម ដើម្បី កេង ចំណេញយកប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ មនុស្សរាប់ម៉ឺននាក់ដែលធ្វើដំណើរតាមរថយន្តក្រុងមកពីទូទាំងប្រទេសស៊ែប៊ី និងប្រទេសជិតខាងទៀតដូចជា កូសូវ៉ូ (Kosovo) ម៉ុងតេណេហ្គ្រោ (Montenegr o) បូស្ន៊ី (Bosnia) និងម៉ាសេដ្វានខាងជើង (North Macedonia) បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងបែលក្រាដ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេទៅកាន់លោក វូស៊ីក។
អ្នកស្រី ចេឡេណា (Jelena) អាយុ ៣០ ឆ្នាំបាននិយាយថា ៖ «យើងមានគំនិតផ្ទុយស្រឡះពីមនុស្សដែលបានបាតុកម្មនៅទីនេះកាលពីម្សិលមិញ»។ កន្លងមក គណបក្សប្រឆាំង និងអ្នកឃ្លាំមើលសិទ្ធិមនុស្សតែងតែបានចោទប្រកាន់លោក វូស៊ីក និងគណបក្សជឿនលឿនស៊ែប៊ី ថាមានគោលគំនិតដឹកនាំតាមបែបអត្តាធិបតេយ្យ រារាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ អំពើហិង្សាប្រ ឆាំងនឹងគូប្រជែងនយោបាយ អំពើពុករលួយ និងទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំទុកជាមុន។ ប៉ុន្តែ លោក វូស៊ីក និង សម្ព័ន្ធមិត្ត បានបដិសេធចោល ការ ចោទ ប្រកាន់ទាំងនេះ។
គួរដឹងដែរថា កាលពីថ្ងៃសៅរ៍ លោក វូស៊ីក បានលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សជឿនលឿនស៊ែប៊ីរបស់លោក ដោយបានតែងតាំងរដ្ឋមន្ត្រីការពារជាតិ លោក មីឡូស វូសេវីក (Milos Vucevic) ជាអ្នកស្នងតំណែងរបស់លោក។ យ៉ាងណាមិញ លោក វូស៊ីក បានឱ្យដឹងថា លោកនឹងនៅតែជាប្រមុខរដ្ឋស៊ែប៊ីដដែល៕
ប្រែសម្រួល:ធា សុណា
ប្រភព ៖ https://www.reuters.com/world/europe/tens-thousands-serbia-protest-mass-shootings-government-policies-2023-05-27/