ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប ក្រោយចំណាយពេលសាងសង់ចំនួន ២៨ខែ និងស្ពានអាកាសឫស្សីកែវ ដោយហោះនៅលើបណ្ដោយ ផ្លូវជាតិលេខ៥ ។

សូមជម្រាបថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ។ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ មានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក, កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។

ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ ក្រោយការស្ថាបនារួច ស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។

ចំណែកឯស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ស្ពាននេះ មានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយ ផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៥ខែ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner