មនុស្សរាប់ពាន់ភៀសខ្លួនចេញពីភ្លើងឆេះព្រៃនៅកាណាដា

អូតាវ៉ា៖ មន្រ្តីកាណាដាបាននិយាយថា មនុស្សច្រើនជាង១៦,០០០នាក់បានបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅខេត្ត Nova Scotia ភាគខាងកើតកាណាដា ខណៈដែលភ្លើងឆេះព្រៃមួយក្នុងចំណោមរាប់រយដែលកំពុងឆេះរាលដាលពាសពេញប្រទេស កំពុងកំរាមកំហែងទីក្រុងHalifax។

រូបភាពតាមកញ្ចក់ទូរទស្សន៍បានបង្ហាញពីផ្សែងហុយយ៉ាងសន្ធោសន្ធៅ ហើយលំនៅដ្ឋាន និងរថយន្តជាច្រើនត្រូវបានអគ្គីភ័យឆាបឆេះ ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់នោះទេ។ អភិបាលខេត្ត Nova Scotia លោក Tim Houston បានពណ៌នាខេត្តមួយនេះថា កំពុងស្ថិតនៅគែមនៃគ្រោះថ្នាក់ ខណៈដែលអភិបាលក្រុង Halifax លោក Mike Savage បាននិយាយថា ប្រជាជន៤៣០,០០០នាក់ដែលរស់នៅក្នុងទីក្រុង កំពុងប្រឈមមុខនឹងស្ថានភាពភ្លើងឆេះព្រៃ ដែលមិនធ្លាប់មានពីមុនមក។

ចំណែកក្រុមមន្ត្រីកាណាដាបាននិយាយថា ពួកគេកំពុងត្រូវការភ្លៀងធ្លាក់ខ្លាំងជាចាំបាច់ ដើម្បីធ្វើឱ្យភ្លើងឆេះព្រៃនៅខេត្ត Nova Scotia ស្ថិតក្រោមការគ្រប់គ្រង។
គិតមកទល់ថ្ងៃចន្ទដើមសប្តាហ៍នេះ ភ្លើងឆេះព្រៃបាននិងកំពុងឆេះរាលដាលនៅក្នុងខេត្តចំនួន ៨ ក្នុងចំណោមខេត្ត និងដែនដីចំនួន ១៣ របស់ប្រទេសកាណាដា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគខាងលិចប្រទេសកាណាដា បានរងការវាយប្រហារម្តងហើយម្តងទៀតដោយអាកាសធាតុអាក្រក់ និងភាពញឹកញាប់នៃការឡើងកំដៅផែនដី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner