មន្ទីរសាធារណការខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ដល់អ្នករត់ម៉ូតូកង់បី និងផាសអាប់ ដើម្បីប្រឡងយកប័ណ្ណបើកបរ
ខេត្តបាត់ដំបង ៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានថ្លែងថា ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គមមានការរីកចម្រើន ទើបធ្វើឱ្យអត្រាការប្រើប្រាស់យានយន្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឱ្យភាគីពាក់ព័ន្ធត្រូវមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពចរាចរណ៍ និងត្រូវស្វែងយល់ ចេះដឹងពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញាតាមផ្លូវ បើកបរដោយស្មារតីប្រុងប្រយ័ត្ន ប្រកបដោយក្រមសីលធម៌ ត្រូវមានការយោគយល់និងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពេលបើកបរលើដងផ្លូវ ។
លោក ព្រួញ រិទ្ធថា ថ្លែងបែបនេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នករត់ម៉ូតូកង់បី និងផាស់អាប់ប្រមាណជាង ៧០នាក់ ក្នុងគោលបំណង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងផ្តល់ឱកាសឲ្យបងប្អូន បានប្រលងយកប័ណ្ណបើកបរម៉ូតូ និងដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ។
លោក ព្រួញ រិទ្ធថា ក៏បានបង្ហាញក្ដីសង្ឃឹម និងការរំពឹងទុកយ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ បងប្អូនអ្នករត់ម៉ូតូកង់បី ក្នុងខេត្តបាត់ដំបង នឹងកាន់តែយល់ដឹងបន្ថែមទៀតពីច្បាប់ចរាចរណ៍ ពីការគោរពស្លាកសញ្ញាចរាចរណ៍ពេលបើកបរ និងពីការប្រើប្រាស់បញ្ជាយានយន្តលើដងផ្លូវ ដោយស្មារតីប្រុងប្រយ័ត្ន។ ហើយការបណ្តុះបណ្តាលនេះនិងបន្តធ្វើជាបន្តបន្ទាប់ទៀតផងដែរ ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប


