រុស្ស៊ី និងអ៊ុយក្រែនគាំទ្រគោលការណ៍ទាំង ៥ ដើម្បីរក្សាសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន
អ.ស.ប៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនទទួលបាននូវការគាំទ្រពីអ៊ុយក្រែន និងរុស្ស៊ី លើគោលការណ៍ទាំង ៥ ដែលបានដាក់ចេញដោយស្ថាប័ន ដើម្បីការពារគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្ស៊ីយ៉ា របស់អ៊ុយក្រែន។
អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី បានពន្យល់ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក អំពីសំណើរបស់គាត់ ដើម្បីធានាសុវត្ថិភាពរបស់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការចរចាជាច្រើនខែ។
លោក ហ្គ្រូសស៊ី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ថ្ងៃនេះជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ នៅពេលនិយាយអំពីសុវត្ថិភាព និងសន្តិសុខនៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្ស៊ីយ៉ា។ លោកថា យើងត្រូវបានលើកទឹកចិត្ត ក្រោយមានការគាំទ្រសម្រាប់ការងាររបស់ពួកយើង រួមទាំងគោលការណ៍ទាំង ៥ ដែលខ្ញុំបានបង្កើតឡើងនៅថ្ងៃនេះ។
លោកបន្ថែមថា រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្ស៊ីយ៉ា មិនគួរត្រូវបានប្រើប្រាស់ជាឃ្លាំងផ្ទុក ឬជាមូលដ្ឋានសម្រាប់អាវុធធុនធ្ងន់ រួមទាំងឧបករណ៍បាញ់រ៉ុក្តែត រថក្រោះ ឬបុគ្គលិកយោធានោះទេ។ លោក ហ្គ្រូសស៊ី បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ គួរតែត្រូវបានធ្វើឡើងដើម្បីធានាថា ថាមពលផ្គត់ផ្គង់ថាមពលនៅតែបន្តដំណើរការ ហើយមានសុវត្ថិភាពគ្រប់ពេលវេលា។
ជាងនេះទៅទៀត រចនាសម្ព័ន្ធ និងសមាសធាតុទាំងអស់ដែលចាំបាច់ សម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពរបស់រោងចក្រ គួរតែមានការការពារពីការវាយប្រហារ ឬសកម្មភាពបំផ្លិចបំផ្លាញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


