ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ដល់ការងារអប់រំបណ្តុះបណ្តាល ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ
ខេត្តបាត់ដំបង ៖ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ បានអញ្ជើញ ពិនិត្យពីវឌ្ឍនភាព នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភី ចំនួន១៧៧នាក់ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
សាលានគរបាលជាតិភូមិភាគខេត្តបាត់ដំបង ដែលបាននិងកំពុងរៀបចំនេះ រួមមាន៖ ការជួសជុល ការកែលម្អបំពាក់សម្ភារៈបន្ថែមនិងការកែលម្អលាបថ្នាំឡើងវិញនូវអាគាររដ្ឋបាល អាគារស្នាក់នៅ អាគារអាហារដ្ឋាន ជីកអណ្តូង ចាក់ដី ដាំស្មៅរៀបចំតារាងបាល់ទាត់។ល។
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានលើកឡើងថា ៖ ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និង ផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំង នគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិឱ្យឆ្លើយតបស្របទៅនឹងការវិវត្ត នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការនៃអង្គភាពនគរបាលជាតិជាក់ស្តែងផងដែរ។
បន្ថែមពីនេះ ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៥ ដែលបានឆ្លើយតបទៅនឹងតម្រូវការនូវក្នុងការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិក្នុងយុគសម័យ នៃសន្តិភាព ខណៈដែកប្រទេសជាតិកំពុងតែមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតភាពប៉ិនប្រសព្វដ៏ឈ្លាសវៃបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៥នេះ ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )


