ចិននឹងតាមដានកិច្ចពិភាក្សារបស់សហភាពអឺរ៉ុបលើការដាក់ទណ្ឌកម្មរុស្ស៊ី ដើម្បីការពារក្រុមហ៊ុនចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងតាមដានឱ្យដិតដល់លើវឌ្ឍនភាពនៃការពិភាក្សារបស់សហភាពអឺរ៉ុប ស្តីពីការដាក់ទណ្ឌកម្មលើកទី ១១ ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលអាចបណ្តាលឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មជាមួយចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោកស្រី Shu បានថ្លែងថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មឯកតោភាគីដែលគ្មានមូលដ្ឋានក្នុងច្បាប់អន្តរជាតិ និងគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាយុត្តាធិការរយៈពេលវែង»។ លោកស្រីបានបន្ថែមដោយអំពាវនាវឱ្យសហភាពអឺរ៉ុប «ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងកុំបង្កើតគំរូអាក្រក់»។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី Shu ធ្វើឡើង នៅពេលគណៈកម្មាធិការប្រតិបត្តិអឺរ៉ុបរបស់សហភាពអឺរ៉ុប បានស្នើជាលើកដំបូង ឱ្យមានឧបករណ៍ផ្នែកច្បាប់ ដើម្បីកំណត់ពាណិជ្ជកម្មជាមួយប្រទេសទី៣ ដែលរុស្ស៊ីប្រើដើម្បីគេចទណ្ឌកម្មដែលមានស្រាប់។

សំណើរវិធានការថ្មីនេះ បានផ្ដោតលើប្រទេសចិន ដែលរួមមានទាំងការចុះបញ្ជីខ្មៅលើក្រុមហ៊ុនចិនមួយចំនួន និងការដាក់ចេញនូវយន្តការដែលអាចត្រួសត្រាយផ្លូវ ដល់ការរឹតបន្តឹងការនាំចេញរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសដែលរារាំងវិធានការរបស់ប្លុក។

ក្រុមហ៊ុនចិនមួយចំនួន ដែលមាននៅក្នុងបញ្ជីខ្មៅដែលសហភាពអឺរ៉ុបស្នើឡើងនោះ ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិករួចហើយដែរ ដូចជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក King-Pai Technology ជាដើម។ អាមេរិកបានចោទប្រកាន់ក្រុមហ៊ុនចិនមួយនេះថា ជាក្រុមហ៊ុនចិន ដែលធ្វើការផ្គត់ផ្គង់ អង្គភាពជាច្រើនក្នុងវិស័យឧស្សាហកម្មយោធារបស់រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Shu បានថ្លែងថា៖ «ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់ នូវសិទ្ធិរបស់សហគ្រាសចិនដើម្បីធ្វើពាណិជ្ជកម្មធម្មតា»៕ ប្រែសម្រួលដោយ៖ ហួនឌីណា

ads banner