បេសកជនពិសេស អ.ស.ប.ប្រចាំប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបញ្ចប់ការងារនៅពាក់កណ្តាលខែមិថុនា

អ.ស.ប៖ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី៣១ ខែឧសភាថា បេសកជនពិសេសរបស់អង្គការប្រចាំប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបញ្ចប់ការងារ នៅក្នុងពាក់កណ្តាលខែមិថុនាខាងមុខ បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេល ១៨ខែ។

លោក Dujarric បាននិយាយថា លោកស្រី Noeleen Heyzer ដែលត្រូវបានលោកអគ្គលេខាធិការ អ.ស.ប. អង់តូនីញូវ ហ្គូតទែរ៉េស តែងតាំងជាបេសកជនពិសេសនៅក្នុងខែតុលា ឆ្នាំ ២០២១ នឹងបញ្ចប់ការងាររបស់លោកស្រី នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣ នៅពេលដែលកិច្ចសន្យារបស់លោកស្រីបានបញ្ចប់។ អ្នកនាំពាក្យដដែលបន្ថែមថា លោក ហ្គូតទែរ៉េស បានថ្លែងអំណរគុណចំពោះលោកស្រី Heyzer «សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោកស្រី ក្នុងនាមសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា» ហើយថា បេសកជនថ្មីនឹងត្រូវតែងតាំងបន្ទាប់»។

គួរបញ្ជាក់ថា លោកស្រី Heyzer ដែលជាអ្នកសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងការសន្ទនានយោបាយជាមួយគូវិវាទរបស់ខ្លួន និងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាមលើក្រុមប្រឆាំងផ្សេងៗ។ លោកស្រី បានធ្វើដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា កាលពីខែសីហាឆ្នាំមុន ហើយបានជួបមេដឹកនាំរបបយោធា លោក មីន អ៊ុងឡាំង និងមន្ត្រីយោធាកំពូលផ្សេងទៀត ដែលការណ៍នេះបង្ករឱ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស ថាជាការផ្តល់ភាពស្របច្បាប់ដល់ក្រុមយោធា។

យ៉ាងណាមិញ កាលពីលើកនោះ លោកស្រី Heyzer ត្រូវបានហាមឃាត់មិនឱ្យជួបមេដឹកនាំនយោបាយប្រកាន់លទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំខ្លួនឡើយ។ ក្រោយមកទៀត លោកស្រី Heyzer បានចេញសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឱ្យមន្ត្រីរបបយោធាមានការខឹងសម្បារ និងបានចោទប្រកាន់លោកស្រីថាធ្វើ«សេចក្តីថ្លែងការណ៍លម្អៀង»នៃអ្វីដែលបានពិភាក្សា។

ក្រោយមក លោកស្រី Heyzer បានប្តេជ្ញាថានឹងមិនធ្វើដំណើរទៅប្រទេសនេះទៀតទេ លុះត្រាតែលោកស្រី ទទួលបានការអនុញ្ញាតឱ្យជួបលោកស្រី ស៊ូជី ដែលតុលាការរបបយោធាកាត់ទោសឲ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធា នៅខែកុម្ភៈ ឆ្នាំ ២០២១ ខណៈកិច្ចខិតខំប្រឹងប្រែងការទូតដែលដឹកនាំដោយ អ.ស.ប. និងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីដោះស្រាយវិបត្តិ មកទល់ពេលនេះ នៅតែបរាជ័យក្នុងការទប់ស្កាត់ការបង្ហូរឈាមដ៏ហិង្សារវាងក្រុមយោធា និងក្រុមប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធា។

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់ មនុស្សជាង ៣៥០០ នាក់ត្រូវបានសម្លាប់ដោយសារតែអំពើហិង្សា
ខណៈអង្គការសហប្រជាជាតិឯណោះវិញថា ជម្លោះបានធ្វើឱ្យមនុស្សជាង១លាននាក់ ត្រូវផ្លាស់ទីលំនៅ មកទល់ពេលនេះ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner