សហរដ្ឋអាមេរិកអំពាវនាវឱ្យ អ.ស.ប បើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ឆ្លើយតបនឹងការបាញ់ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យបេសកកម្មអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ។

អ្នកនាំពាក្យបេសកកម្មអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Nate Evans បាននិយាយថា សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំបើកចំហមួយ ស្តីពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង។ ចំណែកអ្នកការទូតអង្គការសហប្រជាជាតិម្នាក់ទៀតក៏បានបញ្ជាក់ដែរថា ការអំពាវនាវនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយប្រទេសអាល់បានី អេក្វាឌ័រ បារាំង ជប៉ុន ម៉ាល់តា និងអង់គ្លេស។

ការបាញ់បង្ហោះផ្កាយរណបនៅថ្ងៃពុធសប្តាហ៍នេះ គឺជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីបញ្ជូនផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនទៅកាន់ទីអវកាស ប៉ុន្តែវាបានបញ្ចប់ដោយការបរាជ័យ ដោយវាបានធ្លាក់ចូលទៅក្នុងសមុទ្រ។

ភ្លាមៗ សហរដ្ឋអាមេរិកបានថ្កោលទោសការបាញ់បង្ហោះនេះ ដោយនិយាយថា កូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង ដែលជាការរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានបង្កអស្ថិរភាពដល់ស្ថានភាពសន្តិសុខក្នុងតំបន់ និងលើសពីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បានច្រានចោលការថ្កោលទោស ហើយបានចាត់ទុកថា គឺជាការថ្កោលទោសលើខ្លួនពួកគេដែរ ពីព្រោះសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត សុទ្ធតែធ្លាប់បានបាញ់បង្ហោះផ្កាយរណបរាប់ពាន់គ្រឿង៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner