ភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាបបានប្រកាសមិនលក់សាច់សត្វព្រៃ
ខេត្តសៀមរាប ៖ ក្នុងសន្និសិទសារព័ត៌មាន ស្ដីពីយុទ្ធនាការ“អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ទន្ទឹមជាមួយនឹងយុទ្ធនាការអន្ទាក់សូន្យនេះ មានវិស័យឯកជនពិសេសភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាបបានប្រកាសមិនលក់សាច់សត្វព្រៃ ។ បើយើងធ្វើការបូកសរុបទៅក្នុងចំនួន ១០ខេត្ត ដែលយុទ្ធនាការអន្ទាក់សូន្យបានចុះផ្សព្វផ្សាយអប់រំកន្លងមកគឺ មានភោជនីយដ្ឋានចំនួន ៩៦ ហើយដែលបានប្រកាសថាជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបសាច់សត្វព្រៃដល់អតិថជនរបស់ខ្លួន ។

ឯកឧត្តម នេត្រ ភក្រ្តា បន្តថា យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តសៀមរាប ពិតជាមានសារៈសំខាន់ដោយសារខេត្តមួយនេះជាខេត្តទេសចរណ៍ ហើយមិនត្រឹមតែទេសចរណ៍ក្នុងស្រុកទេ ប៉ុន្តែក៏មានភ្ញៀវទេសចរណ៍បរទេសជាច្រើន ចូលមកកម្សាន្តទីនេះដែរ ។ ហេតុនេះវាក៏អាចនៅមានទីតាំងមួយចំនួននៅលួចលាក់ផ្តត់ផ្គង់សម្រាប់លក់សាច់សត្វព្រៃដល់ក្នុងចំណោមអ្នកទេសចរនិយមហូបសាច់សត្វព្រៃផងដែរ។ សម្រាប់យុទ្ធនាការនេះដែរគឺដើម្បីបញ្ចប់ និង ផ្តល់ជាសារមួយយ៉ាងសំខាន់ថា ទីនេះគឺមិនស្វាគមន៍ការលក់ដូរសាច់សត្វព្រៃទេ។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖ សម្រាប់សត្វព្រៃជាផ្នែកមួយ នៃធម្មជាតិរបស់ជីវិតមនុស្ស ហើយអាហារដែលយើងបរិភោគរៀងរាល់ថ្ងៃ ក៏បានដោយសត្វព្រៃ ។ ហេតុនេះបើយើងរក្សាបាននូវសត្វព្រៃគឺមានន័យថា ការរក្សាបាននូវនិរន្តភាពនៃម្ហូបអាហាររបស់យើង និងវាក៏បានផ្តល់នូវសក្តានុលលយ៉ាងសំខាន់ដល់ទេសចរណ៍ក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗទៀតរបស់យើង” ។
គួរបញ្ជាក់ថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មានដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕






អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ រូបភាព៖លោក ង៉ាន់ ទិត្យ