មន្រ្តីបរិស្ថាន អំពាវនាវឱ្យចូលរួមអភិរក្ស និង បញ្ឈប់ការដាក់អន្ទាក់ ស្របពេលសត្វព្រៃនៅតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប មួយចំនួនកំពុងប្រឈមការថយចុះ
ខេត្តសៀមរាប៖ តាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងថយចុះគួរឱ្យព្រួយបារម្មណ៍។ ប្រភេទសត្វព្រៃមួយចំនួនដូចជា ទន្សោង សត្វកែះទោច ខ្លាឃ្មុំ ប្រើស ពង្រូល សត្វស្លាប កំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជ ក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ។
នេះជាការបញ្ជាក់ឱ្យដឹងពីសំណាក់ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប ក្នុងសន្និសិទសារព៌ត៌មាន ស្ដីពីយុទ្ធនាការ“អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣។

លោក បានបន្តថា ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិសរុបប្រមាណ ២៨១.៥៣០ ហិកតា ដែលតំបន់ ការពារធម្មជាតិទាំងនោះរួមមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» , ដែនជម្រកសត្វព្រៃបឹងពែរ ,ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ,ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ,តំបន់ការពារទេសភាពអង្គរ ,តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ,តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់ រ៉ាមសារបឹងទន្លេឆ្មារ ដែលមាន៤ការិយាល័យសម្រាប់ធ្វើការគ្រប់គ្រង រួមមាន ការិយាល័យឧទ្យានជាតិ, ការិយាល័យដែនជម្រកសត្វព្រៃ, ការិយាល័យការពារទេសភាព និង ការិយាល័យតំបន់ប្រើប្រាស់ច្រើន យ៉ាង ដែលមានមន្ត្រីឧទ្យានុក្សចំនួន១០១នាក់/ស្ត្រី៥នាក់ មានស្នាក់ការនិងស្នាក់ការរងចំនួន ២៦ស្នាក់ការ។

លោកបានបញ្ជាក់បន្ថែមថា៖ក្រសួងបរិស្ថានបានបង្កើតសហគមន៍តំបន់ការពារធម្មជាតិសរុបមាន ចំនួន ១១ ដែលមានផ្ទៃដីព្រៃគ្រប់គ្រងសរុបចំនួន ១៥.៧៤១ហិកតា និងមាន សមាជិកគ្រួសារចូលរួម ៣.៦៤៥គ្រួសារ ដើម្បីចូលរួមគ្រប់គ្រង ថែរក្សាអភិរក្ស ការប្រើប្រាស់ធនធានធម្មជាតិ សម្រាប់បំរើវិស័យទេសចរណ៍ធម្មជាតិ និង ការប្រើប្រាស់អនុផលព្រៃឈើឱ្យមាននិរន្តរភាព និងការដាំស្តារព្រៃឡើងវិញក្នុងតំបន់រិចរិល សម្រាប់លើកម្ពស់ជីវភាពរបស់ពួកគាត់ ប្រចាំថ្ងៃ ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តសៀមរាប ពិតជាមានសារៈសំខាន់ដោយសារខេត្តមួយនេះជាខេត្តទេសចរណ៍ ហើយមិនត្រឹមតែទេសចរណ៍ក្នុងស្រុកទេ ប៉ុន្តែក៏មានភ្ញៀវទេសចរណ៍បរទេសជាច្រើន ចូលមកកម្សាន្តទីនេះដែរ ។ ហេតុនេះវាក៏អាចនៅមានទីតាំងមួយចំនួននៅលួចលាក់ផ្តត់ផ្គង់សម្រាប់លក់សាច់សត្វព្រៃដល់ក្នុងចំណោមអ្នកទេសចរនិយមហូបសាច់សត្វព្រៃផងដែរ។ សម្រាប់យុទ្ធនាការនេះដែរគឺដើម្បីបញ្ចប់ និង ផ្តល់ជាសារមួយយ៉ាងសំខាន់ថា ទីនេះគឺមិនស្វាគមន៍ការលក់ដូរសាច់សត្វព្រៃទេ។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖ សម្រាប់សត្វព្រៃជាផ្នែកមួយ នៃធម្មជាតិរបស់ជីវិតមនុស្ស ហើយអាហារដែលយើងបរិភោគរៀងរាល់ថ្ងៃ ក៏បានដោយសត្វព្រៃ ។ ហេតុនេះបើយើងរក្សាបាននូវសត្វព្រៃគឺមានន័យថា ការរក្សាបាននូវនិរន្តភាពនៃម្ហូបអាហាររបស់យើង និងវាក៏បានផ្តល់នូវសក្តានុលលយ៉ាងសំខាន់ដល់ទេសចរណ៍ក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗទៀតរបស់យើង” ។
ឯកឧត្តម បានបញ្ជាក់ថា ទន្ទឹមជាមួយនឹងយុទ្ធនាការអន្ទាក់សូន្យនេះដែរ ក៏មានវិស័យឯកជនពិសេសភោជនីយដ្ឋានចំនួន១០ ក្នុងខេត្តសៀមរាបបានប្រកាសមិនលក់សាច់សត្វព្រៃ ។ បើយើងធ្វើការបូកសរុបទៅក្នុងចំនួន ១០ខេត្ត ដែលយុទ្ធនាការអន្ទាក់សូន្យបានចុះផ្សព្វផ្សាយអប់រំកន្លងមកគឺ មានភោជនីយដ្ឋានចំនួន ៩៦ ហើយដែលបានប្រកាសថាជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបសាច់សត្វព្រៃដល់អតិថជនរបស់ខ្លួន ។ នេះជាផ្នែកមួយក្នុងការតាំងចិត្តខ្ពស់នៃវិស័យឯកជន ហើយក្នុងនេះក៏មានការតាំងចិត្តខ្ពស់ពីបុគ្គលម្នាក់ៗផងដែរតាមរយៈការចូលក្នុងអេប(App)ដែលបានបញ្ជាក់ពីការតាំងចិត្តរបស់ពួកគាត់ទៅនឹងការមិនបរិភោគសាច់សត្វព្រៃ ក៏ដូចជាមិនលក់សាច់សត្វព្រៃ។ ទាំងនេះគឺជាលទ្ធផលដែលកើតយុទ្ធនាការអន្ទាក់សូន្យដោយបានផ្តល់នូវសារសំខាន់ៗយ៉ាងច្រើនដល់សាធារណៈជន ហើយនិងក៏ដូចជាការយល់ដឹងជារួម។

ទន្ទឹមជាមួយគ្នា ឯកឧត្តមបានអំពាវនាវឱ្យបញ្ឈប់ការដាក់អន្ទាក់ពិសេសពលរដ្ឋដែលរស់នៅក្បែតំបន់ជម្រកការពារធម្មជាតិដោយលះបង់នូវមុខរបរដាក់អន្ទាក់ ក៏ដូចជាមុខរបរចូលព្រៃកាប់ឈើមកជាប្រកបនូវមុខរបរថ្មីដែលមានចំណូលជាប្រចាំដែលមិនខុសច្បាប់។យើងត្រូវស្វែងយល់ថាសត្វព្រៃជាផ្នែកមួយនៃជីវចម្រុះនៃប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងនូវសក្តានុពលទេសចរណ៍តាមរយៈការថែរក្សាបាននូវសត្វព្រៃនៅកម្ពុជាយើង។
គួរបញ្ជាក់ថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មានដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕

អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ រូបភាព៖លោក ង៉ាន់ ទិត្យ