ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរជូនប្រធានអង្គការកុមារដែលជួយបណ្តុះបណ្តាលកុមារអស់រយៈពេល ២០ឆ្នាំ
ភ្នំពេញ៖នាឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា ព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោកស្រី ម៉ាការរ៉េត អ៊ីលីហ្សាបេត ជេន អីណូ ជាស្ថាបនិកអង្គការមួយដែលបានខិតខំប្រឹងប្រែងជួយបណ្តុះបណ្តាល និងតម្រង់ទិសកុមាររងគ្រោះកម្ពុជា អស់រយៈពេល ២០ ឆ្នាំមកនេះ។
អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បានប្រគល់ជូននូវព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោកស្រី ម៉ាការរ៉េត អ៊ីលីហ្សាបេត ជេន អីណូ (MARGARET ELIZABETH JANE ENO) ដែលក្នុងឋានៈជាស្ថាបនិក និងជាសហនាយិកានៃអង្គការម្លប់តាប៉ាង។ ការផ្តល់នេះបន្ទាប់ពីលោកស្រីបានខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពប្រើប្រាស់ភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងបានលះបង់ទាំងកម្លាំងកាយ ចិត្តជួយកុមារកម្ពុជាដោយមិនរួញរា អស់រយៈពេល២០ ឆ្នាំកន្លងមក។

ពិធីប្រគល់នេះ ធ្វើឡើងនាឱកាសអបអរសារទរខួប២០ឆ្នាំ នៃបេសកកម្មមនុស្សធម៌របស់អង្គការម្លប់តាប៉ាង និងទិវាកុមារអន្តរជាតិលើកទី៧៤ នៅអង្គការម្លប់តាប៉ាង កាលពីថ្ងៃទី០១ខែមិថុនា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព អង្គការដៃគូ និងអាណាព្យាបាលកុមារ និងកុមារសរុប ៧៥០ នាក់។
ឱកាសនោះលោក ឡុង ឌីម៉ង់ បានវាយតម្លៃខ្ពស់ចំពោះអង្គការម្លប់តាប៉ាង ដែលបានចូលរួមចំណែកជួយបណ្តុះបណ្តាល អប់រំកុមារតូចៗនៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានជួយតម្រង់ទិសកុមាររងគ្រោះ ងាយរងគ្រោះ តាមរយៈការអប់រំបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ពិគ្រោះយោបល់ ផ្តល់បំនិនជីវិត ផ្តល់អាហារូបត្ថម្ភ និងការអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងញៀនជាដើម។ លោកថា៖«ការបង្កើតអង្គការម្លប់តាប៉ាង ឈរលើស្មារតី និងឧត្តមគតិមនុស្សធម៌ បាននិងកំពុងផ្តល់ឱកាសរៀនសូត្រទទួលបានបំនិនជីវិតថ្មីៗដល់កុមារកម្ពុជា ដើម្បីលូតលាស់នៅក្នុងសហគមន៍ក្នុងនាមជាពលរដ្ឋល្អ កូនល្អរស់នៅប្រកបដោយភាពថ្លៃថ្នូរ»។

ជាមួយគ្នានេះ លោកអភិបាលរង បានអំពាវនាវឱ្យឪពុកម្តាយ អាណាព្យាបាលកុមារ ផ្តល់ការសហការជាមួយអង្គការ លើកទឹកចិត្តឱ្យកូនចៅមកទទួលការគាំពារផ្សេងៗ ដែលអង្គការផ្តល់ជូនទៅតាមតម្រូវការចាំបាច់ ក្នុងគោលបំណងចង់ឃើញកុមារទាំងអស់រស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍មានសុខភាពល្អ សុវត្ថិភាព និងគ្មានការរើសអើង។
នៅក្នុងឱកាសទិវាកុមារអន្តរជាតិនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តជំរុញលើកកម្ពស់សិទ្ធិកុមារ និងប្រឆាំងពលកម្មកុមារ ដើម្បីបើកផ្លូវលើការអភិវឌ្ឍន៍ដល់កុមារលើគ្រប់កម្រិតក្នុងគោលដៅឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅ ក្នុងសេរីភាព
សេចក្តីថ្លៃថ្នូរ សមភាព និងមានសុវត្ថិភាព៕

ដោយ៖ សុខ រក្សា