ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រារព្ធពិធីបង្ហូតជាផ្លូវការ

ភ្នំពេញ ៖ ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាព្រឹកថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២៣ បានធ្វើពិធីបង្ហូតជាផ្លូវការហើយ នៅកីឡដ្ឋានមរតកតេជោ ក្រោមធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ។

ឯកឧត្តម យី វាសនា អគ្គលេខាធការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ បានបញ្ជាក់ថា ទង់ជាតិតំណាងប្រទេសទាំង១១ដែលបានធ្វើពិធីបង្ហូតឡើងនាព្រឹកនេះ គឺជាការបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបានចាប់ដំណើរការប្រកួតជាផ្លូវការ។

ឯកឧត្តម អគ្គលេខាធិការរង CAMAPGOC បានបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ការរៀបចំត្រៀមខ្លួនរបស់កម្ពុជាប្រព្រឹត្តិទៅបានយ៉ាងល្អទាំងបដិស ណ្ឋាកិច្ចទទួលប្រតិភូ និងអត្តពលិកដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយភាពទទួលខុសត្រូវខ្ពស់។

ឯកឧត្តម យី វាសនា បានឲ្យដឹងទៀតថា ជាក់ស្តែងក្រោយបញ្ចប់ពិធីបង្ហូតទង់ជាតិតំណាងប្រទេសនីមួយៗនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាព្រឹកនេះ គឺការរៀបចំរបស់កម្ពុជា ទទួលបានការកោតសសើរពីអគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ានថា កម្ពុជារៀបចំបានល្អនិងស្តង់ដារមិនទាន់មានប្រទេសណាធ្វើនៅឡើយទេ គឺជាគូដ៏ល្អសម្រាប់បណ្តាប្រទេសរៀបចំក្រោយកម្ពុជាយកជាគំរូតាម។ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ការរៀបចំទទួលបានការកោតសសើរពីប្រតិភូតំណាងប្រទេសចូលរួមទាំងអស់នេះ គឺ ផ្តើមចេញពីការយកចិត្តទុកដាក់និងដុលដៃដុតជើងពីសំណាក់សម្តេចពិជ័យប្រធាន CAMAPGOC ឯកឧត្តម ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ ឯកឧត្តម ហ៊ុន ម៉ានី តំណាង គណៈកម្មាធិការជាតិCAMAPGOC ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMAPGOC ទើបយើងទទួលបានការសសើរបែបនេះ។

ឯកឧត្តម អគ្គលេខាធិការ មានប្រសាសន៍ បន្ថែមទៀតថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺនឹងបញ្ចប់ទៅដោយជោគជ័យដូចទៅនិងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលតែបញ្ចប់កាលពីពេលថ្មីៗនេះដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៣២នេះ មាន១៣ប្រភេទកីឡាបូកនិងកីឡាសម្តែងE-SPORTសរុប៤៣១វិញ្ញសា ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner