ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង អំពាវនាវដល់សមាជិកបក្សទាំងអស់ អញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា
កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រែយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានអំពាវនាវដល់បងប្អូនសមាជិកបក្សទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។
ឯកឧត្តម សោម ស៊ុន បានអំពាវនាវដូច្នេះក្នុងឱកាសនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិរលួស ភូមិតាម៉ើ និងភូមិដូនប៉ុក ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
សមាជិកអចិន្ត្រែយ៍គណបក្សប្រជាជនកម្ពុជាខេត្ត បានសំណូមពរដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ៕ ដោយ ប៊ុន រដ្ឋា


