ហូឡង់ចាប់ខ្លួនសកម្មជនបរិស្ថានជាង ១៥០០នាក់ អំឡុងការបង្ក្រាបបាតុកម្ម

អាមស្ទឺដាម៖ សកម្មជនអាកាសធាតុជាង ១៥០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាប្រឆាំងនឹងឥន្ធនៈហ្វូស៊ីល នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ប៉ូលីសហូឡង់បាននិយាយថា មនុស្សជាង ១៥០០ នាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ាដោយ ក្រុមដែលគេស្គាល់ថា «ការបះបោរ ផុតពូជ» ឬ Extinction Rebellion នៅទីក្រុងឡាអេ នាពេលថ្មីៗនេះ។

ក្រុមសកម្មជនបានបិទផ្លូវមួយនៅកណ្តាលទីក្រុង នៅពេលរសៀល ដើម្បីតវ៉ាប្រឆាំងនឹងការឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីល របស់ប្រទេសហូឡង់។ ប៉ូលីសបាននិយាយថា ពួកគេបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកក្រុមសកម្មជនដែលបិទផ្លូវធំក្នុងទីក្រុង ហើយបានចាប់ខ្លួន មនុស្សសរុបចំនួន ១៥៧៩។ ប៉ូលីសបាននិយាយថា សកម្មជនម្នាក់បានខាំប៉ូលីសម្នាក់ អំឡុងពេលចាប់ខ្លួនគាត់។

តារាល្បីហូឡង់ជាច្រើននាក់ស្ថិតក្នុងចំណោមបាតុករ រួមទាំងតារាសម្តែងក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី ក្រោមចំណងជើងថា ហ្គេម អហ្វ ស្រូន (Game of Thrones) ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានហូឡង់ ANP បានរាយការណ៍ថា តារាស្រីរូបនេះត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner