សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យថៅកែរោងចក្រ និងកម្មករ កម្មការិនី បំពេញឲ្យគ្នាទៅវិញទៅមក បង្កើតទៅជាកន្លែងសុខសាន្តមួយ
កណ្ដាល៖ ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យថៅកែរោងចក្រ និងកម្មករ កម្មការិនី ធ្វើការរួមគ្នាបំពេញឲ្យគ្នាទៅវិញទៅមក បង្កើតទៅជាកន្លែងសុខសាន្តមួយ។ សម្ដេចថា ប្រសិនបើគ្មានរោងចក្រ គ្មានក្រុមហ៊ុន សហគ្រាសទេ ច្បាស់ណាស់ពេលនេះម៉ោងនេះយើងជាកសិករ។
សម្តេចតេជោ បានបន្តថា ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ហើយសម្តេចគួរនិយាយថា ហេតុអ្វីបានជារាជរដ្ឋាភិបាល ចង់បានម្ល៉េះទៅលើការទាក់ទាញអ្នកវិនិយោគទាំងក្នុងប្រទេស ទាំងក្រៅប្រទេសមកកាន់កម្ពុជា?
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា៖ បក្សប្រឆាំងដែលអំពាវនាវឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជា គឺជាការបំបែកឆ្នាំងបាយរបស់ក្មួយៗកម្មករ-កម្មការិនីតែម្ដង មានតែគណបក្សប្រជាជនកម្ពុជាទេដែលការពារឆ្នាំងបាយឬប្រាក់ចំណូលរបស់កម្មករ៕ អត្ថបទ៖ វណ្ណលុក រូបភាព ៖ វេង លឹមហួត ,សួង ពិសិដ្ឋ


