សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ-កម្មការិនី រួមគ្នារក្សាសុខសន្តិភាព
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ រួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។

សម្តេចតេជោ បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចមានសមត្ថភាពស្វែងរកសន្តិភាព និងការពារសន្តិភាពបាន ។ សម្តេច បន្តថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។

ជាមួយគ្នានេះ សម្តេចតេជោ បានប្រកាសជាថ្មីម្តងទៀតថា មិនអត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វេង លឹមហួត ,សួង ពិសិដ្ឋ
