ក្រសួងឧស្សាហកម្ម ចុះអនុស្សរណៈជាមួយក្រុមហ៊ុនដ៏ធំរបស់រដ្ឋចិន ដើម្បីអភិវឌ្ឍនន៍ទឹកស្អាតនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះអនុស្សរណ:នៃការយោគយល់ជាមួយក្រុមហ៊ុនចិន ក្នុងកិច្ចសហប្រតិបត្តិការលើការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គំនូសប្លង់និងការសាងសង់ស្ថានីយ៍បូមទឹក ដើម្បីរំដោះជាតិពុលគីមីតាមដងទន្លេមេគង្គ និងរួមចំណែកការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។
កម្មវិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានរៀបចំឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃ ០១ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វបន និងលោក លី ដាវសុង(Li Daosong )ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd (BUCG) នៅទីក្រុងប៉េកាំងប្រទេសចិន ។ ពិធីនេះធ្វើឡើងស្របពេលខួបលើកទី៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតនិងខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយរបស់រដ្ឋចិនផងដែរ។
នេះបើតាមប្រភពក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា គម្រោងខាងលើនេះជាគម្រោងដ៏ធំ និងមានសារៈសំខាន់ណាស់ ព្រោះក្រុមហ៊ុនតូចៗមិនអាចធ្វើបានទេ ពីព្រោះត្រូវប្រើដើមទុនច្រើន និងបច្ចេកទេសខ្ពស់គឺត្រូវយកប្រភពទឹកពីចម្ងាយរាប់រយគីឡូម៉ែត្រក្នុងដងទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ និងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាតជាច្រើនកន្លែង ដើម្បីបំពេញ តម្រូវការប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា បើយើងអនុវត្តគម្រោងនេះបាន ដូចជាយើងបានរំដោះប្រជាពលរដ្ឋភាគខាងកើតដងទន្លេមេគង្គរហូតដល់ព្រំដែនវៀតណាមឱ្យរួចចាកផុតគ្រោះថ្នាក់នៃឥទ្ធិពលជាតិពុលគីមី ពីព្រោះយើងដឹងហើយថាក្នុងសង្រ្គាម ចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែករាប់លានតោន គឺច្រើនជាងការទម្លាក់គ្រាប់បែក នៅសង្គ្រាមលោកលើកទី២ទៅទៀត រួមទាំងរោយម្សៅពណ៌ទឹកក្រូចជម្រុះស្លឹកឈើដែលសុទ្ធតែជាតិគីមីដែលរងឥទ្ធិពលដល់ជីវិត សត្វមនុស្ស។ ជាច្រើនឆ្នាំទៅមុខ តាមរយៈការប្រើប្រាស់ទឹកឆៅលើដី និងក្រោមដី ដែលជាតិគីមីពុលទាំងនោះនៅជាមួយ ។
ក្រសួងឧស្សាហកម្មបានឱ្យដឹងថា តាមការសិក្សា ជាតិពុលគីមីនេះ គឺប៉ះពាល់ខ្លាំង ទៅលើស្ត្រីមានផ្ទៃពោះ ដែលទារកកើតមក អាចមានកាយសម្បទាមិនគ្រប់គ្រាន់ ដូចជាឆែបមាត់ ខ្វះដៃជើង និងបាត់ ឬលើសម្រាមដៃជាដើម។

លោក Li Daosong ប្រធានក្រុមហ៊ុន BUCG បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការសម្រប សម្រួលរបស់ភាគីកម្ពុជា ដែលធ្វើឱ្យភាគីចិន ត្រូវប្តេជ្ញាចិត្តក្នុងការប្រឹងប្រែងអនុវត្តគម្រោងខាងលើនេះឱ្យបានសម្រេច ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទឹកស្អាត នៅកម្ពុជា។ ជាពិសេសប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គរួមមាន នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើម ។
សូមជម្រាបថា ក្រុមហ៊ុន BUCG ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមានភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ ក្នុងការសាងសង់សំណង់ធំៗនៅក្នុងស្រុក និងក្រៅស្រុក ដូចជាអាកាសយានដ្ឋាន -ពហុកីឡដ្ឋានជាតិ ផ្លូវល្បឿនលឿន អាងប្រព្រឹត្តកម្មទឹកស្អាត និងស្ថានីយចម្រោះទឹកកខ្វក់ជាដើម ។
ដើម្បីឱ្យការអនុវត្តអនុស្សរណ:យោគយល់គ្នាកាន់តែមានប្រសិទ្ធិភាព និងឆាប់ហ័ស ហើយជាការចែករំលែកបទពិសោធលោក ចម ប្រសិទ្ធ នឹងបង្កើតក្រុមការងាររបស់ក្រសួងមួយក្រុមចុះធ្វើការជាមួយ និងត្រៀមសម្របសម្រួលគ្រប់ការងារស្មុគស្មាញទាំងឡាយ៕ ដោយ៖ ទិត្យ រានុពិចិត្រ