សិស្សានុសិស្ស១២រូប ទទួលបានជ័យលាភី វេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងបរិស្ថានអបអរសាទរដល់បេក្ខជនទាំង ១២រូប ដែលប្រកួតឈ្នះដណ្តើមបានជ័យលាភីលេខ១ លេខ២ លេខ៣ លើប្រធានបទចំនួន៤ ក្នុងវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣ ។ បេក្ខជនទាំង១២រូប ត្រូវបានបំពាក់មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ពានរង្វាន់ទៅតាមប្រភេទជ័យលាភី ទទួលបណ្ណជ័យលាភី និងវិញ្ញាបនបត្រ ព្រមទាំងថវិកាឧបត្ថម្ភ ដើម្បីឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ ។

ពិធីប្រគល់ជ័យលាភី បានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ៣០២៣ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងបរិស្ថាន សាស្រ្តាចារ្យ គ្រូបង្រៀន អាណាព្យាលបាលសិស្ស សិស្សានុសិស្ស ប្រមាណ៣០០អង្គ/នាក់ ។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា វេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២៣ ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តី មានគោលបំណងជំរុញចលនាយុវជនស្រលាញ់ និងចូលរួមការងារប្រតិបត្តិមេត្រីបរិស្ថាន តាមរយៈការផ្តល់ឱកាសដល់យុវជន គឺ ការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យ និង ការផ្តល់វេទិការជជែកពិភាក្សាដេញដោលស៊ីជម្រៅ ដែលមានថតជាវីដេអូ ដើម្បីយកទៅផ្សព្វផ្សាយបន្តតាមទូរទស្សន៍ និងតាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Youtube ជាដើម ។ សំដៅពង្រីកចំណេះដឹងបរិស្ថានដល់យុវជន និងសាធារណជននៅទូទាំងប្រទេសកម្ពុជា ។ ក្នុងនោះប្រធានបទធំ ចំនួន៤ត្រូវបានលើកយកមកពិភាក្សា គឺការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់រឹង ការអភិរក្សជីវៈចម្រុះ និង ទីក្រុងទីប្រជុំជនប្រកបដោយចីរភាព។

ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងនូវការអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់ និងសូមលើកទឹកចិត្តដល់ប្អូនៗ ដែលបានឈ្នះ សូមបន្តការខិតខំទៅមុខទៀត សូម «កុំបោះបង់»។ វេទិកានេះ មិនត្រឹមតែស្វែងរកយុវជនឆ្នើម ឬក្រុមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីជាមធ្យោបាយក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនឱ្យមានឱកាសក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ឬអំណះអំណាងសមស្របមកធ្វើការបកស្រាយ ក្នុងន័យបង្កើនសមត្ថភាពរបស់ពួកគាត់។ ជាមួយគ្នានេះ វេទិកានេះក៏ជាមធ្យោបាយបញ្ជ្រាបចំណេះដឹងទៅដល់សាធាណជនគ្រប់ស្រទាប់វណ្ណៈ ឱ្យបានយល់ដឹងអំពីបរិស្ថានដែលកើតមាន និងផលប៉ះពាល់ទៅដល់សុខភាពមនុស្ស និងលើកទឹកចិត្តក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការរស់នៅប្រកបដោយចីរភាព ។

សូមបញ្ជាក់ថា ៖ បន្ទាប់ពីការប្រកួតជជែកពិភាក្សាយ៉ាងស្វិតស្វាញរយៈពេល១ថ្ងៃកន្លះ (ថ្ងៃទី១-២ ខែមិថុនា) សម្រាប់បេក្ខជនដែលទទួលបានជ័យលាភីនាពេលនេះ រួមមាន៖
-ប្រធានបទទី១ «ប្រែប្រួលអាកាសធាតុ» ជ័យលាភីលេខ១ យុវតី កែវ ច័ន្ទសុម៉ានី មកពីវិទ្យាល័យជាស៊ីសាមគ្គី, លេខ២ យុវជន រិទ្ធ ប៊ុនរ៉ុង មកពីវិទ្យាល័យសាមគ្គី និងលេខ៣ យុវតី សេង ម៉ូលី មកពីសាលាវេស្ទឡាញ។
-ប្រធានបទទី២ «គ្រប់គ្រងសំណល់រឹង» ជ័យលាភីលេខ១ កញ្ញា រឿន សុលីនដា មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, លេខ២ កញ្ញា ផន ស្រីពៅ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលេខ៣ កញ្ញា ឡាន់ ស្រីណែត មកពីសកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
-ប្រធានបទទី៣ «ការអភិរក្សជីវៈចម្រុះ» ជ័យលាភីលេខ១ យុវតី ហែម មុនិន្ទ័រាជ្យនី មកពីសាលារៀនវេស្ទឡាញន៍, លេខ២ យុវតី ស៊ឹមរតនៈ សុជាតា មកពីសាលាមីគីវេ និងលេខ៣ យុវតី អាត ស្រីគុជ មកពីសាលារៀនមីគីវេ។
-ប្រធានបទទី៤ «ទីក្រុង ទីប្រជុំជនប្រកបដោយចីរភាព» ជ័យលាភីលេខ១ យុវតី ទេព ធីតាវលក្ខណ៍ មកពីសាលាប៊ែលធីអន្តរជាតិ, លេខ២ យុវតី ផាវ សុវណ្ណារី មកពីវិទ្យាល័យជាស៊ីមសាមគ្គី និងលេខ៣ យុវតី ឡាយ វល័ក្ខ មកពីសាលាមីគីវេ៕ ដោយ / គ្រី សម្បត្តិ
