សត្វព្រៃច្រើនប្រភេទត្រូវបានលែងនៅក្នុងព្រៃឧទ្យានជាតិអង្គរដើម្បីបម្រើលើវិស័យទេសចរណ៍
ខេត្តសៀមរាប៖ សត្វព្រៃច្រើនប្រភេទ ដែលក្នុងនេះយ៉ាងហោចណាស់ជាង ១០ប្រភេទត្រូវបានគេធ្វើការដោះលែងនៅក្នុងព្រៃឧទ្យានជាតិអង្គរ ដើម្បីបង្កើនរបាយសត្វព្រៃនៅក្នុងតំបន់ព្រៃនៅកម្ពុជាក៏ដូចជាបម្រើលើវិស័យទេសចរណ៍។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានដែលបានទស្សនកិច្ចគម្រោងដោះលែងសត្វព្រៃ ក្នុងព្រៃឧទ្យានជាតិអង្គរ កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧទ្យានជាតិអង្គរ គឺជាឧទ្យានជាតិទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានបង្កើតឡើងតាំងតែពីឆ្នាំ១៩២៥មកម្ល៉េះ។ អ្វីដែលយើងឃើញថាកាន់តែគួរជាទីចាប់អារម្មណ៍មួយទៀតនោះ គឺការបង្កើតវត្តមានសត្វព្រៃក្នុងតំបន់អង្គរនេះ ដែលជាផ្នែកមួយនៃការបង្កើនរបាយសត្វព្រៃនៅក្នុងតំបន់ព្រៃនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា”សត្វព្រៃមួយចំនួនដែលយកមកពន្លែងនៅឧទ្យានជាតិអង្ករនេះគឺបានយកមកពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃ ភ្នំតាម៉ៅ ។ យើងពិតជាមានសេចក្តីរីករាយដែលបានឃើញ សត្វជាច្រើនប្រភេទរួមមាន ទោចម្កុដ ស្វាព្រាម ភេខ្លួនរលោង ឈ្លូស កេងកងតូច កេងកងធំ ក្ងោក ឆ្មាដាវ បានរស់នៅសុខសាន្តក្រោមការការពារនិងអភិរក្សបានយ៉ាងល្អ ហើយក៏បានបន្តពូជកើតបានកូនជាច្រើនក្បាលនៅក្នុងជម្រកធម្មជាតិ។ សត្វព្រៃទាំងនេះបានធ្វើឱ្យគុណតម្លៃនៃតំបន់អង្គរកាន់តែលេចធ្លោបន្ថែមទៀត”។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរអប្សរាបានគូសបញ្ជាក់ថាគម្រោងដោះលែងសត្វព្រៃក្នុងព្រៃឧទ្យានជាតិអង្គរជាកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរានិងអង្គការ Wildlife Alliance Cambodia ហើយការងារនេះបានចាប់ផ្តើមតាំងតែពីឆ្នាំ ២០១៣មក ហើយតាមរយៈកិច្ចសហការនេះគេបានធ្វើការដោះលែងសត្វព្រៃច្រើនប្រភេទ។តាមរយៈការដោះលែងសត្វព្រៃនេះដែរតំបន់ខេត្តសៀមរាប ក្រៅពីទីកម្សាន្តបែប វប្បធម៌ហើយ នៅមានទីកន្លែងទស្សនាព្រៃឈើ និងសត្វព្រៃទាំងនេះផង។

លោកបានបញ្ជាក់បន្ថែមថាការដោះលែងសត្វរហូតមកដល់ពេលនេះបានជាង១០ប្រភេទ និងមានសត្វច្រើនជាង៤០ក្បាលត្រូវបានដោះលែង និងគេក៏កំពុងមានគម្រោងយកសត្វព្រៃ ជាច្រើនទៀតដើម្បីធ្វើការពន្លែងនៅក្នុងព្រៃឧទ្យានជាតិអង្គរនេះ។
លោក និច ម៉ាក (Nick Marx)អ្នកជំនាញសត្វព្រៃនៃអង្គការសម្ព័នមិត្តសត្វព្រៃបាននិយាយថា”យើងបានដោះលែងសត្វព្រៃនៅក្នុងព្រៃឧទ្យានអង្គរក្នុងនេះដូចជា សត្វទោច ស្វាព្រាម សំពោច ឆ្មាដាវ កេងកង ក្ងោក ភេ ជាដើម។សត្វទាំងនេះភាគច្រើនសុទ្ធតែត្រូវបានព្រានចាប់បានហើយ ត្រូវបានរឹបអូស ក្នុងនេះសត្វមួយចំនួនមានរបួសត្រូវបានព្យាបាលឱ្យជា មុនលែងចូលក្នុងព្រៃឧទ្យានជាតិអង្គរ។

លោក និច ម៉ាក ដែលជាអ្នកអភិរក្សសត្វព្រៃនៅកម្ពុជា ប្រមាណ២០ឆ្នាំហើយបានបញ្ជាក់ដោយអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ដាក់អន្ទាក់សម្លាប់សត្វព្រៃ និងក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើច្បាប់ដាក់ទោសឱ្យបានខ្លាំងក្លាពីព្រោះថាបើមិនមានការដាក់ទោសណាមួយធ្ងន់ធ្ងរពួកគេមិនខ្លាចឡើយ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ង៉ាន់ទិត្យ និង រិន រចនា