អាជ្ញាធរចម្រុះខេត្តស្វាយរៀង ចុះដោះស្រាយអំពីការរុករានកាន់កាប់ និងអាស្រ័យផលលើដីព្រៃជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
CPA

ស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង មកពីរដ្ឋបាលខេត្ត និងក្រុមការងារចម្រុះរដ្ឋបាលព្រៃឈើ បាននាំគ្នាចុះដោះស្រាយរួមអំពីការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំង ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋជាច្រើនរយគ្រួសារ និងបានផ្សព្វផ្សាយច្បាប់រដ្ឋបាលព្រៃឈើជូនប្រជាពលរដ្ឋផងដែរនាឱកាសនោះ។

កិច្ចប្រជុំរកដំណោះស្រាយនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងលោក ហម សារ៉ាវុធ អគ្គនាយករងរដ្ឋបាលព្រៃឈើ មន្រ្តីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធបញ្ហានេះផងដែរ។ នេះបើតាមរដ្ឋបាលខេត្តស្វាយរៀង។

នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បញ្ជាក់ថា កិច្ចការងាររបស់រដ្ឋបាលខេត្តស្វាយរៀងគឺជាអ្នកសម្របសម្រួលលើបញ្ហានេះពីព្រោះថារឿងដីនេះវាពាក់ព័ន្ធទៅនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានតំណាងក្រសួងកសិកម្មជាអ្នកចូលមកដើម្បីត្រួតពិនិត្យនិងព្យាយាមដោះស្រាយឱ្យបងប្អូន។ លោកបន្តថា ប៉ុន្តែមួយរយៈនេះក៏មានលេចឡើងនូវរឿងថ្មីមួយដែលលោកធ្លាប់បានសួរបងប្អូនទាំងអស់គ្នាថាបងប្អូនទាំងអស់គ្នាមិនត្រូវការទេអ្នកតំណាង ប៉ុន្តែឥឡូវនេះមានអ្នកតំណាងបងប្អូនចំនួនប្រាំនាក់ដែលគាត់បានអះអាងថាតំណាងបងប្អូនចំនួន ២៣១គ្រួសារហើយឥឡូវនេះបងប្អូនបែរជាប្រគល់សិទ្ធិឱ្យពួកគាត់ជាអ្នកតំណាងទៅវិញ?។

លោក ម៉ែន អេង បន្ថែមថា នាពេលកន្លងមកអ្នកតំណាងពីមុនជាអ្នកបង្កបញ្ហារហូតមកដល់សព្វថ្ងៃនេះ ពីព្រោះថាមានបងប្អូនប្រជាពលរដ្ឋយើងបាននាំគ្នារៃអង្គាសថវិកាឱ្យអ្នកតំណាងក៏ដូចជាបណ្ដាញអ្នកសារព័ត៌មានមួយចំនួន។ អ៊ីចឹងហើយ នៅពេលដែលខ្ញុំបានអញ្ជើញមកជួបជាមួយបងប្អូនខ្ញុំតែងតែប្រាប់បងប្អូនប្រជាពលរដ្ឋកុំឱ្យចំណាយថវិកានៅក្នុងការរត់ឯកសារដែលវាខុសនឹងនីតិវិធី ហេតុដូច្នេះហើយសូមអំពាវនាវកុំឱ្យបងប្អូនចាញ់បោកគេ។
ជាមួយគ្នានេះ លោកក៏បានក្រើនរំឮកដល់បងប្អូនអ្នកសារព័ត៌មានទាំងក្នុងខេត្តនិងក្រៅខេត្តមួយចំនួនកុំធ្វើស្រូវលើខ្នងប្រជាពលរដ្ឋដែលជាហេតុធ្វើឱ្យគាត់មានការមិនទុកចិត្តលើរដ្ឋបាលខេត្តក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ។ លោកថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកិច្ចការអ្វីនោះ ត្រូវធ្វើសំណុំលិខិតក៏ដូចជាសំណើទៅតាមភូមិ ឃុំស្រុក ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ មិនត្រូវធ្វើរំលងរដ្ឋបាលខេត្តនោះឡើយពីព្រោះថាការដោះស្រាយគឺថ្នាក់ក្រោមជាអ្នករៀបចំសំណុំឯកសារទៅតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហម សារ៉ាវុធ អគ្គនាយករងរដ្ឋបាលព្រៃឈើ បានថ្លែងថា កិច្ចការដី៧៨គ្រួសារកន្លងមកបងប្អូនប្រជាពលរដ្ឋបានសុំទៅខេត្តក្នុងឆ្នាំ ២០១១។ កន្លងមករដ្ឋបាលខេត្ត បានដាក់សំណើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកនាយករដ្ឋមន្ត្រី បានចាត់ឱ្យធ្វើការវាស់វែងដីនៅទូទាំងប្រទេសតែម្ដងដោយមានមន្ត្រីសុរិយោដីក៏ដូចជានិស្សិតស្ម័គ្រចិត្ត ដែលនៅពេលវាស់ចែកជូននោះគឺមានរយៈពេលមួយឆ្នាំទើបចប់សព្វគ្រប់ដោយពុំមានការតវ៉ានោះទេមានទាំងរបាយការណ៍ថែមទៀតផង។
លោកបន្តទៀតថា ក្នុងកំឡុងខែកក្កដាឆ្នាំ ២០១២ គណៈរដ្ឋមន្ត្រីបានចេញ ស.ជ.ណ បញ្ចប់រួចហើយដោយមិនទទួលស្គាល់លិខិតផ្សេងៗទៀតនោះឡើយ ដូច្នេះសូមកុំឱ្យបងប្អូនប្រជាពលរដ្ឋជឿទៅលើការញុះញង់ថាមានការចែកដីធ្លីធ្វើប្លង់ដីទៀតឱ្យសោះ។ លោកថាមានអ្នកខ្លះដើរប្រមូលលុយគេ ឮថាឆ្វៀលដីកន្លែងផ្សេងៗទៀតឱ្យគឺបានបញ្ចប់ហើយបើមានអីត្រូវដាក់ទៅរដ្ឋបាលខេត្ត ហើយអ្នកដែលរំលោភយកដីធ្លីត្រូវមានទោសទណ្ឌ។ ដូច្នេះតំណាងបងប្អូនប្រជាពលរដ្ឋត្រូវស្វែងរកឯកសារគេផងចៀសវាងមានបញ្ហា។

បើតាមលោក ហម សារ៉ាវុធ គឺបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងអភិវឌ្ឍន៍ការដាំឈើដែលមានល្បឿនលឿនដោយដាំវិលជុំ។ដូច្នេះរដ្ឋត្រូវធ្វើតាមច្បាប់បើខុសច្បាប់និងទទួលទោសទណ្ឌជាប់ពន្ធនាគារពី១ទៅ៥ឆ្នាំ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ក្រុមការងារចម្រុះក៏បានចុះទៅត្រួតពិនិត្យទីតាំងដីមួយកន្លែងមានទំហំ ៥ ហិកតាស្ថិតនៅក្នុងភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែកដែលត្រូវបានជនមិន ស្គាល់មុខយកកូនឈើទៅដាំក្នុងបំណងរំលោភយកដីរដ្ឋផងដែរ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner