សម្ដេចតេជោ ហ៊ុន សែន ជំរុញក្រសួងពាក់ព័ន្ធតាមដានឱ្យបានហ្មត់ចត់ ពីស្ថានភាពនយោបាយប្រទេសថៃដើម្បីការពារពលករកម្ពុជា
ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីមកពីរោងចក សហគ្រាសចំនួន១៩ នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)ក្នុងខេត្តកណ្ដាលនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យតាមដានសភាពការណ៍នយោបាយប្រទេសថៃ ឱ្យបានហ្មត់ចត់ ខណៈគោលនយោបាយរបស់អ្នកជាប់ឆ្នោតថ្មីនៃប្រទេសថៃមួយរូបគ្រោងនឹងបណ្តេញពលករប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាចេញពីប្រទេសខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា នយោបាយរបស់អ្នកជាប់ឆ្នោតថ្មីរបស់ប្រទេសថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ពលករឡាវ និងពលករមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួនទៅហើយ ខណៈនយោបាយបែបនេះ អាចនឹងធ្វើឱ្យរោងចក្រ សហគ្រាសរបស់ថៃមួយចំនួនដួលរលំផងដែរ។
សម្ដេចតេជោបានបញ្ជាក់ដូច្នេះថា៖« មិនទាន់បានអីផង នៅក្នុងប្រទេសថៃបានគំរាមបណ្តេញកម្មករកម្ពុជា និងកម្មករឡាវទៅហើយ ខ្ញុំគ្រាន់តែផ្តាំទៅថា ខ្ញុំមិនជ្រៀតជ្រែកក្នុងនយោបាយរបស់អ្នកទេ ក៏ប៉ុន្តែសង្ឃឹមថាអ្នកនឹងមើលឱ្យឆ្ងាយជាងពីប្រទេសថៃហើយអ្នកជាអ្នកឈ្នះឆ្នោត ក៏ប៉ុន្តែមិនប្រាកដថា អ្នកក្លាយទៅជានាយករដ្ឋមន្រ្តីនិងបង្កើតរដ្ឋាភិបាលបានទេ ។ប៉ុន្តែអ្នកបានដាក់ចេញនៅគោលនយោបាយមួយ ដែលវាបង្កនូវគ្រោះថ្នាក់ មិនមែនគ្រាន់តែសេដ្ឋកិច្ច គ្រាន់តែពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករមកប្រទេសទាំងនេះ»។

សម្ដេចតេជោបានបន្តថា កាលពីនៅរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា បានធ្វើឱ្យពលករកម្ពុជាមិនស្របច្បាប់ទៅជាកម្មករស្របច្បាប់ ប៉ុន្តែនយោបាយរបស់អ្នកជាប់ឆ្នោតថ្មីនេះ ប្រហែលជាមិនទទួលបានការគាំទ្រពីប្រទសជិតខាងដូចកម្ពុជា និងឡាវនោះទេ ខណៈដែលកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនយោបាយរបស់ថៃនាពេលថ្មីៗ។
គួរជម្រាបថា បើតាមរបាយការណ៍របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១ ៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារ អាមេរិក (ឆ្នាំ២០២២)ដែលក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករនិយោជិត ចំនួនប្រមាណ ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)។
បើសរុបទាំងអស់នៅត្រឹមឆ្នាំ២០២៣ នេះ រោងចក្រ សហគ្រាស មានចំនួនសរុបជាង ១៧ ០០០ ដែលប្រើប្រាស់ កម្លាំងពលកម្មសរុបចំនួនប្រមាណ ១,៥លាននាក់៕ ដោយ៖ វណ្ណ សុជាតា