ជំនួបរវាងវិទ្យាស្ថានកងទ័ពជើងគោក វៀតណាម និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក កម្ពុជា
នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៥ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូយោធាជាន់ខ្ពស់នៃវិទ្យាស្ថានកងទ័ពជើងគោក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មីញ (Hoang Van Minh) នាយកវិទ្យាស្ថានកងទ័ពជើងគោក ដាឡាត់ វៀតណាម អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ទោ អេង ឃាង នាយសេនាធិការរងបញ្ជាការដ្ឋានកងទ័ពជើងគោក បានធ្វើទស្សនកិច្ចសិក្សា និងជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី៩ ខែសីហាឆ្នាំ២០១៩កន្លងទៅនេះ នៅមជ្ឈមណ្ឌលកងទ័ពជើងគោក ពេជ្រនិល។
នៅក្នុងឱកាសនោះដែរ គណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅស្និទ្ធស្នាលពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងសហការី ជាច្រើនរូប។ នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តមនាយកមជ្ឈមណ្ឌលបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិទ្យាស្ថានកងទ័ជើងគោកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះថាពិតជាបាននាំមកនូវការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការនៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា វៀតណាមពិសេសមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងវិទ្យាស្ថានកងទ័ពជើងគោក ដាឡាត់ វៀតណាមឲ្យរិតតែរឹងមាំទ្វេឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈុន ឆេង ក៏បានគូសបញ្ជាក់ជូនប្រតិភូអំពីរចនាសម្ព័ន ចាត់តាំង តួនាទី ភារកិច្ច ចំពោះមុខរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ជើងគោក ដែលជាសេនាធិការឲ្យកងទ័ពជើងគោកក្នុងការហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នបំពេញវិជ្ជាឲ្យដល់យោធាចារ្យ នាយ ពលទាហាន គ្រប់ជំនាញក្នុងកងឯកភាពចំណុះកងទ័ពជើងគោក។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា រាល់សមិទ្ធផលក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកនាពេលបច្ចុប្បន្ន គឺបានមកពីការជួយឧបត្ថម្ភទាំងស្មារតី សម្ភារ ថវិកា ពីសំណាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងការខិតខំប្រឹងប្រែងមួយរបស់នាយ ពលទាហានមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបានការគាំទ្រ និងសហការពីសំណាក់ដៃគូអង្គភាពសម្ព័ន្ធមេត្រីក្នុង និងក្រៅប្រទេស ក្នុងនោះមានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានផ្តល់តាមតម្រូវការរបស់មជ្ឈមណ្ឌលចាប់តាំងពីបានប្រកាសចងសម្ព័ន្ធមេត្រីភាពតាំងពីឆ្នាំ២០១៦។ ឯកឧត្តមក៏បានស្នើសុំវិទ្យាស្ថានកងទ័ពជើងគោកវៀតណាម ជួយផ្តល់គ្រប់លទ្ធភាពក្នុងការជួយអភិវឌ្ឍន៍ដល់មជ្ឈមណ្ឌល និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានជូនពរដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាព។
អញ្ជើញមានប្រសាសន៍តបវិញឯកឧត្តម ហ័ង វ៉ាន់មីញ ក្នុងនាមបក្ស រដ្ឋាភិបាល ក្រសួង
ការពារជាតិ កងទ័ពប្រជាជនវៀតណាម វិទ្យាស្ថានកងទ័ពជើងគោក វៀតណាម ថ្លែងអំណរគុណចំពោះ ឯកឧត្តម ឈុន ឆេង និងសហការី នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូលោកនាពេលនេះ។ ឯកឧត្តម
ក៏បានកត់សម្គាល់ផងដែរ ចំពោះការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបសរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយ ពលទាហាន គ្រ់បជំនាញនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ហ័ង វ៉ាន់មីញ ក៏បានសន្យាថានឹងនាំសំណើ និងសំណូមពរភាគីមិត្តដាក់ជូនថ្នាក់លើដើម្បីសម្រេច ហើយបានសន្យាថាបន្តខិតខំរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត៕ធ.ដ







