ពូជទុរេនដ៏ល្បីតម្លៃខ្ពស់របស់ម៉ាឡេស៊ី ត្រូវបានក្រុមហ៊ុនហង្សម្ចាស់ដី នាំចូលមកកាន់ទីផ្សារ ប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគីរី៖ មិនត្រឹមតែប្រកាសវិនិយោគលើគម្រោងដាំដើមគ្រញូងជាចម្ការធំៗ មិនធ្លាប់មាននៅកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុនហង្សម្ចាស់ដី ដែលបានប្រកាសគម្រោងឋានព្រះឥន្ទ ក៏បានសម្រេចនាំចូលពូជទុរេនដ៏ល្បី និងពេញនិយមនៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ី មានឈ្មោះថា «ម៉ូសាងឃីង» យកមកដាំនៅក្នុងគម្រោងចម្ការទុរេនទាំងឡាយរបស់ខ្លួនផងដែរ។ វត្តមានរបស់ពូជទុរេនដ៏ល្បី កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគ ជាពិសេសក្រុមម្ចាស់ចម្ការដែលបានវិនិយោគទិញចម្ការទុរេន ពីគម្រោងឋានព្រះឥន្ទ។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានប្រាប់ថា សម្រាប់ចម្ការទុរេនដែលគម្រោង “ឋានព្រះឥន្ទ” ប្រកាសលក់ លោកនឹងជ្រើសយកពូជទុរេន «ម៉ូសាងឃីង» ដែលជាពូជដ៏ល្បីរបស់ពិភពប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ី។ ជាជំហានដំបូង ក្រុមហ៊ុននឹងនាំពូជទុរេននេះ ១លានដើម ដោយក្រុមការងារកំពុងចាប់ផ្ដើមដាំដុះ ដើម្បីឲ្យចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ខែសីហា២០២០ នឹងមានចម្ការទុរេនទ្រង់ទ្រាយធំធំៗ។

មូលហេតុដែលក្រុមហ៊ុនដីចម្ការរបស់លោក នាំចូលនូវពូជផ្លែទុរេន ពីប្រទេសម៉ាឡេស៊ីដ៏ល្បីនៅក្នុងពេលនេះ ក៏ព្រោះតែចង់ឲ្យប្រទេសកម្ពុជា មានទីផ្សារផ្លែទុរេន ដែលមានរសជាតិឆ្ងាញ់ និងតម្លៃខ្ពស់ ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុ និងក្រៅ ស្រុក។ ក្រុមហ៊ុនទាំងមូល កំពុងដំណើរការដាំដុះនៅខេត្តមណ្ឌលគីរី ព្រោះតែខេត្តរបស់កម្ពុជាមួយនេះ មានតំបន់ភ្នំ មានទឹកភ្លៀងហូរមកពីតំបន់ភ្នំ និងមានអាកាសធាតុ ស្រដៀងនឹងប្រទេសម៉ាឡេស៊ី ខណៈដែលក្រុមហ៊ុនក៏មានអ្នកជំនាញពីប្រទេសម៉ាឡេស៊ី មកពិនិត្យរួចរាល់។ ពូជទុរេននេះ ក៏នឹងកំណត់ដាំដុះនៅខេត្តកំពត បាត់ដំបង ខេត្តពោធិ៍សាត់ (ស្រុកក្រវ៉ាញ) និងខេត្តសៀមរាប ដោយអ្នកជំនាញកំពុងតែសិក្សាពីសណ្ឋានដី និងអាកាសធាតុផងដែរ។

លោក ហង្ស ព្រីន្សយ៉ា  បន្តថា រយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខ កម្ពុជានឹងមានពូជទុរេនម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស ដោយលោកប្រកាសថាអតិថិជនដែលវិនិយោគទិញចម្ការទុរេនពីគម្រោង«ឋានព្រះឥន្ទ» នឹងទទួលពូជទុរេនដ៏ល្បីរបស់ម៉ាឡេស៊ី ដែលនឹងទទួលចំណូលបានខ្ពស់នៅពេលលក់ផល។ ទុរេននេះ ក៏មិនខ្វះទីផ្សារនាំចេញទៅ ចិន ម៉ាកាវ និងសិង្ហបុរី ផងដែរ ដោយសារជាពូជល្បី ហើយមានតម្រូវការខ្ពស់។

សូមបញ្ជាក់ថា ក្រុមហ៊ុនហង្សម្ចាស់ដី បានបោះទុនវិនិយោគប្រមូលទិញដីទុកចោល របស់ពលរដ្ឋរាប់ម៉ឺនហិកតា នៅខេត្តកំពត ខេត្តពោធិ៍សាត់ បាត់ដំបង  ខេត្តមណ្ឌលគីរី និងខេត្តសៀមរាប ដើម្បីវិនិយោគដាំដុះជាចម្ការទុរេន ដូងក្រអូប ប័រ គ្រញូង និងក្រូចជាដើម ដោយក្រុមហ៊ុន បានទាំងប្រើយុទ្ធសាស្ត្រ ពុះចម្ការទាំងនោះជាកន្លះហិកតា និងមួយហិកតា ហើយលក់បង់រំលស់ ឬ បង់ផ្ដាច់ តែកំណត់ថែទាំផលដំណាំតាំងពីដាំដុះ រហូតដល់បានផល និងទទួលទិញផលវិញ ប្រសិនបើម្ចាស់ចម្ការនីមួយៗមិនចង់ស្វែងរកទីផ្សារផ្ទាល់ខ្លួន។ នេះជាគម្រោងវិនិយោគលើវិស័យកសិកម្មទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលអ្នកសេដ្ឋកិច្ចមើលឃើញថា នៅ៥ទៅ៦ឆ្នាំក្រោយ កម្ពុជានឹងមានចម្ការដំណាំធំៗលើបណ្ដាខេត្តដែលបានប្រកាស ជំនួសឲ្យការទុកដីទំនេរចោលមិនធ្វើកសិកម្មកន្លងមក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner