កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់រយៈពេល៧ឆ្នាំទៅមុខទៀត (Video Inside)

កម្ពុជានឹងរំពឹងធ្វើដំណើរដល់គោលដៅគ្រោងទុករបស់ខ្លួន ដែលនឹងក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៧ឆ្នាំទៅមុខទៀត។

ដំណើរការសេដ្ឋកិច្ចជាតិ កម្ពុជាវេលាថ្មីៗកន្លងមកនេះ ត្រូវបានកាត់បន្ថយអស់ជាច្រើនដោយសារតែការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៥មិថុនា បានថ្លែងថា គោលដៅដែលកម្ពុជាត្រៀមនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ នឹងអាចសម្រេចបានបើទោះ បីជាមានជម្ងឺឆ្លងកូវីដ១៩ក៏ដោយ។

កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើសកលលោក ដោយសម្រេចបាននូវកំណើនជាមធ្យមជាង៧ភាគរយក្នុងមួយឆ្នាំ តាមរយៈការរីកចំរើនក្នុងកម្រិតដ៏ខ្ពស់ ជាប់មិនដាច់នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជួន។

ផលិតផលក្នុងស្រុកសរុប បានកើនពីប្រមាណ៣ពាន់៦រយ៤៩លានដុល្លារក្នុងឆ្នាំ២០០០ ដល់ប្រមាណ២ម៉ឺន ៤ពាន់៦រយ៥លាន ដុល្លារនៅក្នុងឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចបានស្ថិតក្នុងរង្វង់ ៧,១% នៅ ឆ្នាំ២០១៩។ ក្រោយមកនៅឆ្នាំ២០២០ អាស្រ័យដោយផលវិបាកនៃការរីករាលដាលជំងឺកូវីដ19 បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានដកបីកណ្តក់សញ្ញាមួយភាគរយ (-៣,១%)។ ប៉ុន្តែអាស្រ័យដោយរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយធំៗ មួយចំនួនដើម្បីទប់ស្កាត់ និងបង្ការ, សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយកំណើន ៣% ក្នុងឆ្នាំ២០២១។

បើតាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាមានកំណើន ក្នុងអត្រាប្រមាណ ៥,៤% នៅឆ្នាំ២០២២, និងកើនដល់ ៥,៦% នៅឆ្នាំ២០២៣។

ads banner