ថៃព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ចាប់ពីថ្ងៃទី០៧ ដល់ទី១០ ខែមិថុនា
បាងកក៖ ភ្លៀងផ្គររន្ទះត្រូវបានគេព្យាករណ៍ថា នឹងកើតមាននៅតំបន់ភាគច្រើននៃប្រទេសថៃ ក្នុងរយៈពេល ៣ថ្ងៃខាងមុខនេះ ដោយពាំនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងគ្របដណ្តប់លើភាគខាងជើង ភាគឦសាន និងឆ្នេរភាគខាងលិចស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងកើតមាននៅតំបន់ភាគច្រើននៃប្រទេសថៃ ក្នុងរយៈពេល ៣ថ្ងៃខាងមុខនេះ ខណៈដែលក្រសួងធនធានទឹកថៃបានអំពាវនាវដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ជាពិសេសនៅតាមតំបន់ជើងភ្នំ ក្បែរផ្លូវទឹក និងតំបន់វាលទំនាប។ បន្ថែមលើនេះ ខ្យល់បក់បោកខ្លាំងក៏នឹងធ្វើឱ្យរលកនៅសមុទ្រអាដាម មានកម្ពស់ពី ២ ទៅ ៣ម៉ែត្រផងដែរ ហើយនាវាទាំងអស់នៅសមុទ្រនេះ និងឈូងសមុទ្រគួរតែបន្តការប្រុងប្រយ័ត្ន។
ទីក្រុងបាងកក រួមទាំងតំបន់ភាគកណ្តាល និងភាគខាងកើត ត្រូវបានគេព្យារកថា នឹងមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះ ដោយមានសីតុណ្ហភាពពី ២៦ ទៅ ២៨អង្សាសេ កើនឡើងដល់ ៣៣ ដល់ ៣៦អង្សាសេ ក្នុងអំឡុងពេលថ្ងៃ។
ចំណែកភាគខាងជើង និងភាគឦសាន ត្រូវបានគេព្យាករថា អាចនឹងមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះ និងខ្យល់បក់បោកខ្លាំង ដោយមានសីតុណ្ហភាពទាបពី ២៤ ទៅខ្ពស់ ៣៧អង្សាសេ។
រីឯទាំងឆ្នេរភាគខាងកើត និងខាងលិចនៃភាគខាងត្បូងប្រទេសថៃ ក៏នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយឡំជាមួយផ្គររន្ទះពីលើផ្ទៃសមុទ្រផងដែរ ដោយមានសីតុណ្ហភាពចាប់ពី ២៤ ទៅ ២៧អង្សាសេ ដល់ ៣២ ទៅ ៣៥អង្សាសេ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា
