សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានអនុវត្តត្រូវលើគោលនយោបាយអភិវឌ្ឍន៍វិស័យរោងចក្រទៅតាមបណ្ដាខេត្ត
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានអនុវត្តត្រូវលើគោលនយោបាយអភិវឌ្ឍន៍វិស័យរោងចក្រទៅតាមបណ្ដាខេត្ត ដែលចំណុចនេះ បានបង្ហាញពីការអនុវត្តគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ដល់ប្រជាជន ។
សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីមានយន្តការត្រឹមត្រូវ ក្នុងការដំឡើងប្រាក់ខែដល់កម្មករ-កម្មករិនី បានត្រឹមត្រូវ និងច្បាស់លាស់ រាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល ១ឆ្នាំម្ដង ដល់កម្មករ-កម្មការិនី។
សម្តេចថា រាជរដ្ឋាភិបាល បន្តថែមទៀតលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេស ទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិកា ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល ១៥នាទី ដូចស្រ្ដីមានផ្ទៃពោះដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូច្នេះនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


